ខេត្តពោធិ៍សាត់៖ នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ផ្សេងគ្នា បន្ទាប់ពីមុខសញ្ញាខាងលើតែងតែអុកឡុកទីសាធារណៈ និងកម្មវិធីផ្សេងៗ ។
នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង៩ និង២០ យប់ថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចសួនច្បារដើមចំប៉ី ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ ល្បាតប៉ះក្រុមក្មេងទំនើងចំនួន៤នាក់ ដែលជាមុខសញ្ញាសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កំពុងអុកឡុកត្រង់ចំណុចខាងលើ ក៏បានឃាត់ខ្លួននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
ដោយឡែក ប្រភពពីនគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កម្លាំងបានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង១នាក់ ខណៈរូបគេបានអុកឡុកក្នុងកម្មវិធីមង្គលការកូនអ្នកភូមិ ។
របាយការណ៍ករណីក្មេងទំនើងទាំងខាងលើ បាននាំខ្លួនពួកគេទៅបន្តនីតិវិធីរៀងៗខ្លួន នៅអធិការដ្ឋាននគរបាលស្រុក-ក្រុង ៕ ប៉ឹម ពិន