ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួស៣នាក់ ដោយសារថយន្តបុកបន្តគ្នា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសជាមេធាវីម្នាក់ បានស្លាប់គៀបជាប់នឹងរថយន្ត និងមនុស្ស៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៌ ខណៈដែលរថយន្តមួយគ្រឿង បើកជែងមិនប្រុងប្រយ័ត្ន ។

សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ដែលបានបាត់បង់ជីវិតមានឈ្មោះ យ៉ា យ៉េត ភេទប្រុស អាយុ៧៩ឆ្នាំ មានមុខរបរ ជាមេធាវី មានទីលំនៅ ខេត្តបាត់ដំបង ។ ប្រភពដដែលបានបន្តថា៖ មុនពេលកើតហេតុ បុរសខាងលើ បានបើករថយន្ត ម៉ាកហុងដា CRV ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB 0942 តែម្នាក់ឯង ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបើកជែង រថយន្តកុងតឺន័រមួយគ្រឿង ហើយក៏បានជ្រុលទៅបុកចំកង់រថយន្តម៉ាក ឡិចស៊ីស 470 ពាក់លេខនគរបាល 2- 1396 បើកបរដោយឈ្មោះ ចែម សារុំ នៅរាជធានីភ្នំពេញ បន្ទាប់មករថយន្ត CRV ក៏បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាក toyota takoma ពាក់ស្លាកលេខ កំពង់ចាម 3a.4829 បើកបរដោយឈ្មោះ នួន សន្យា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។

នៅកន្លែងកើតហេតុ បុរសឈ្មោះ យ៉ា យ៉េត បានស្លាប់ជាប់ក្នុងរថយន្ត របស់ខ្លួនម៉ាក CRV ។ ដោយឡែកមនុស្ស៣នាក់ ទៀតជិះក្នុងរថយន្ត តាកូម៉ា បានរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ក្នុងហេតុការណ៍ខាងលើ រថយន្តម៉ាកឡិចស៊ីស 470 ខូចខាតស្រាល ចំណែករថយន្តតាកូម៉ា និងរថយន្ត ស៊ីអរវី ខូចខាតយ៉ាងដំណំ ។ សមត្ថកិច្ចបានយករថយន្តទាំង៣គ្រឿង ទៅកាន់អធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ ជាមួយគ្នានេះ សមត្ថកិច្ចទូរស័ព្ទទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា


ចែករំលែក៖