ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង ៖ ចាប់តាំងពីមានការផ្លាស់ប្តូរប្រធានអង្គភាពរដ្ឋាករទឹកខេត្តមក ទឹកប្រើប្រាស់មិនគ្រប់ ទឹកចេញចច្រិចចច្រូត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា ចាប់តាំងពីមានការផ្លាស់ប្តូរប្រធានអង្គភាពរដ្ឋាករទឹកខេត្តមក ទឹកប្រើប្រាស់មិនគ្រប់ ទឹកចេញចច្រិចចច្រូត ។ លោកបានលើកឡើងបែបនេះ នៅក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់រោទ៍ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំបក្សស្រុក។

លោកបានបន្តថា ចាប់តាំងពីមានការផ្លាស់ប្តូរប្រធានអង្គភពរដ្ឋាករទឹកខេត្តមក បញ្ហាទឹកប្រើប្រាស់មិនគ្រប់គ្រាន់ ទឹកចេញមកចច្រិចចច្រូច សូម្បីតែផ្ទះលោក ក៏ជួបបញ្ហានេះដែរ​ ហើយលោកក៏បានហៅប្រធានអង្គភាពរដ្ឋាករទឹកថ្មីនេះមកសួរនាំ ហើយដែរ តែទឹកចេញមកនៅតែខ្សោយ ។

ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង សំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង មេត្តាជួយកែទម្រុងឲ្យបានស៊ីជម្រៅទៅលើលោកប្រធានអង្គភាពរដ្ឋាករទឹកខេត្តនេះផង ពលរដ្ឋមានបញ្ហាទឹកស្អាត ដូចជា ច្រើនលើក ច្រើនសារពេកហើយ ។ ឃើញតែអង្គភាពមួយនេះ បន្តិចជូនដំណឹងអញ្ចេះ បន្តិចជូនដំណឹងអញ្ចុះ មិនដឹងថា មានបញ្ហាអ្វីនោះទេ បានជាដឹកនាំវិស័យទឹកស្អាត ដំណើរការមិនល្អសោះ ។

ជុំវិញបញ្ហាទឹកនេះ ប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍មកអ្នកកាសែត ក៏ដូចមានបង្ហោះតាមបណ្តាញសង្គម facebook បាននាំគ្នារិះគន់ទៅអង្គភាពរដ្ឋាករទឹកខេត្ត ដែលធ្វើឲ្យមានបញ្ហាប្រព័ន្ធទឹកបាញ់ចេញខ្សោយ ដាច់ទឹកញឹកញប់ និងទឹកមានពណ៌ក្រហមជាដើម ។

ប្រជាពលរដ្ឋបានលើកថា សូម្បីផ្ទះលោកអភិបាលខេត្ត ក៏ជួបបញ្ហានេះដែរ ចុះទម្រាំពលរដ្ឋធម្មតា ពិបាកយ៉ាងណា ឲ្យតែដល់ខែ ចេញវិក្កយបត្រ ទឹកមកដល់ផ្ទះភ្លាម មិនដែលខាននោះទេ បើខានបង់លុយតែពីរ ឬបីថ្ងៃ នឹងត្រូវផ្តាច់ទឹកជាក់ជាមិនខានឡើយ ។

ជុំវិញការលើកឡើងរបស់លោកអភិបាលខេត្ត និងការរិះគន់ពីពលរដ្ឋចំពោះបញ្ហាទឹកស្អាតនេះ លោកអ៊ឹម មេសា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តស្វាយរៀង ភ្នាក់ងារនគរវត្តមិនអាចរកការបំភ្លឺបានទេ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ព្រោះគ្មានលេខទូរសព្ទ័ទំនាក់ទំនង ៕ យឹម សុថាន


ចែករំលែក៖