ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យស្ថានជាតិអប់រំ ។ ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ ។
វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយដែលត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែកបម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រសាសន៍កោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយទទួលបានជោគជ័យជាបន្តបន្ទាប់ និងវិទ្យាស្ថានបានរក្សាកេរ្ត៍ឈ្មោះជាង១៥ឆ្នាំកន្លងមកនេះ។
ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តជំរុញអោយក្រសួងយុត្តិធម៌ត្រូវពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីដែលជាប់ឃុំឃាំង ដើម្បីពិនិត្យមើលថាតើមាននរណាខ្លះដែលគួរត្របានលើកលែងទោស ពីព្រោះបច្ចុប្បន្ននេះសម្តេចតេជោបានកំពុងដំណើរការនូវការបង្កើតក្រុមមេធាវីដើម្បីការពារក្តីដល់ស្ត្រីក្រីក្រ។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះបន្ថែមទៀតឲ្យទាន់ពេលវេលា។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋទាំងអស់ត្រូវចូលរួមក្នុងការរក្សាទឹកទុក ក៏ដូចជាបន្តការជីកអណ្តូង ជីកស្រះអោយបានច្រើនបន្ថែមទៀត ដើម្បីត្រៀមពេលដែលយើងខ្វះខាតទឹកសម្រាប់ប្រើប្រាស់បន្ទាន់នោះ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជីកអណ្តូង ជីកស្រះ និងស្វែងរកប្រភពទឹកអោយហើយ ប្រសើរជាងការដឹកជញ្ជូនទឹកអោយគ្នាពេលដែលខ្វះខាតទឹកក្នុងគ្រាបន្ទាន់នោះ។ ចំណែកឯពាក់ព័ន្ធរឿងអគ្គិសនីវិញ សម្តេចតេជោ ហ៊ុន សែន សូមអោយប្រជាពលរដ្ឋមានការអត់ធ្មត់បន្តិច ពីព្រោះពេលនេះកម្ពុជាយើងកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់រហូតដល់៤០០មេហ្គាវ៉ាត់ ដោយយើងខ្វះខាតទឹកក្នុងការទាញយកថាមពលពីវារីអគិ្គសនី។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកំពុងរងចាំការឆ្លើយតបពីប្រទេសទួកគី ក្នុងការទទួលកាប៉ាល់ដែលផ្ទុកអគ្គិសនី ពីព្រោះយើងត្រូវការទាញថាមពលអគ្គិសនីពីកាប៉ាល់នេះដើម្បីផ្គត់ផ្គង់អគ្គិសនី។ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋក៏ដូចជាសហគ្រាសអាចប្រើម៉ាស៊ីនភ្លើងបាន សូមប្រើម៉ាស៊ីនភ្លើងជំនួសកាប្រើប្រាស់ភ្លើងអគ្គិសនីវិញ ដើម្បីចូលរួមសន្សំសំចៃទាំងអស់គ្នា នៅពេលដែលយើងកំពុងតែខ្វះខាតភ្លើងអគ្គីសនី។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីក្នុងបរិយាកាសស្និតស្នាល និងរីករាយក្រៃលែង៕