ភ្នំពេញ៖ បុរសជនជាតិចិនដែលជានាយករោងចក្រម្នាក់ ដេញវាយសន្តិសុខឯកជន៣នាក់ផ្អើលក្នុងរោងចក្រ និងបណ្តាលឲ្យរងរបួសខៀវភ្នែកព្រោះខឹងមិនជួយពេលឆ្កែខាំ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងក្នុងសួនឧស្សាហកម្មវឌ្ឍនៈអាគារC ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១ ឈ្មោះ នួន ដេត ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ឈ្មោះ ទូច រុំ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់ក្នុងរោងចក្រកើតហេតុ ។ ទី៣ ឈ្មោះហៀង រុង ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់ផ្ទះជួល កាណាសុីធី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនដៃដល់ឈ្មោះ wang guo long ជាជនជាតិចិន នាយកចាក់ការទូទៅ ។
បើយោងតាមសម្តីរបស់ក្រុមសន្តិសុខខាងលើបានឲ្យដឹងថា មូលហេតុដែលនាយករោងចក្រវាយពួកគាត់ ផ្តើមចេញពីរឿងឆ្កែ មួយក្បាលដែលថៅកែរោងចក្រយកមកចិញ្ចឹមនៅក្នុងរោងចក្រ ហើយនៅរសៀលថ្ងៃទី១៧ មីនា សត្វឆ្កែខាងលើនេះបានខាំបុរសជនជាតិចិនម្នាក់ ដែលត្រូវជាមិត្តភក្តិរបស់នាយករោងចក្រ ទើបមកពីស្រុកចិន បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយក្រុមសន្តិសុខទាំងនេះ ពួកគាត់មិនហ៊ានចូលទៅជួយទេ ព្រោះឆ្កែនោះធំពេក ពួកគាត់ខ្លាចឆ្លែខាំដែរ ទើបមិនហ៊ានចូលទៅក្បែរ ទើបបណ្តាលឲ្យនាយករោងចក្រខឹងពួកគាត់នៅព្រឹកមិញនេះ ស្រាប់តែហៅពួកគាត់ទៅជួប ហើយដាល់ និងទាត់ធាក់ពួកគាត់យ៉ាងចាស់ដៃ ។
ពួកគាត់កើតទុក្ខមិនសុខចិត្ត នៅរសៀលថ្ងៃនេះ ក្រោយពេលបញ្ចប់ការងារ ពួកគាត់ នឹងនាំគ្នាទៅប្តឹងសមត្ថកិច្ចដើម្បីទារសងជំងឺចិត្ត ៕ សុខាសែនជ័យ