ខេត្តស្ទឹងត្រែង៖ គេហដ្ឋានដ៏ថ្មីសន្លាង ត្រូវបានសាងសង់ថ្មីឡើងវិញ មុនពេលម្ចាស់ចូលនិវត្តន៍ ផ្ទះរបស់លោក ក៏ត្រូវចូលនិវត្តន៍មុនម្ចាស់ ដោយអគ្គិភ័យឆេះអស់គ្មានមេត្តា ក្នុងយៈពេលជាងមួយឆ្នាំមកនេះ ដោយមានការជួយជ្រោមជ្រែង ឧបត្ថម្ភជាថវិកាតិចតួច ស្តួចស្តើង តាមសទ្ធាជ្រះថ្លា កន្លងមក រួមនឹងថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារ និងកូនចៅផងដែរ ។
ក្នុងការសង់គេហដ្ឋានថ្មីនេះឡើងវិញ ក៏បានជួយជ្រោមជ្រែងជួយជាកម្លាំងពីបងប្អូនជិតខាង និងទាហាន ជាពិសេសមាននគរបាលប៉ុស្តិ៍ និងមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរីវ៉ាត់ ដឹកនាំដោយលោកព្រំ ឆន អធិការរង មកជួយដល់ជាកម្លាំងក្នុងការលើកផ្ទះថ្មីនេះ របស់លោកអ៊ីវ លឿង អតីតជាអធិការដ្ឋាននគរបាលរងស្រុក ត្រូវបានចូលនិវត្តន៍ ទៅតាមកាលកំណត់នៃច្បាប់ ។ ការសាងសង់នេះធ្វើឡើងនៅវេលាម៉ោង៧.០០នាទី ព្រឹក ថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមលោកអ៊ីវ លឿ ជាមេគ្រួសារ ភរិយាឈ្មោះសេក ណម លោកបានលើកឡើងថាៈ ក្រោយពេលអគ្គិភ័យបានឆាបឆេះផ្ទះអស់ រួមទាំងទ្រព្យសម្បត្តិ និងរបស់របរប្រើប្រាស់អស់ស្ទើរតែទាំងស្រុង សល់តែសំលៀកបំពាក់ជាប់នឹងខ្លួនតែប៉ុណ្ណោះ មុនលោកចូលនិវត្តន៍ ធ្វើឲ្យលោក និងគ្រួសាររបស់លោក ខំប្រឹងប្រែងដូចជាកសាងជីវិតថ្មីទាំងស្រុងឡើងវិញ ទាំងត្រដាបត្រដួស ជាមួយនឹងថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ រួមនឹងសម្ភារប្រើប្រាស់មួយចំនួន ពីកាកបាតក្រហមកម្ពុជា ក្រោមការដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកទាំងពីរ តែងតែ គិតគូរពីសុខទុក្ខរបស់ពលរដ្ឋ ទីណាមានទុក្ខ ទីនោះមានសម្តេចទាំងពីរ ។
រួមទាំងអំណោយរបស់លោកស្នងការដ្ឋាននគរបាលខេត្ត និងអង្គភាពអធិការដ្ឋាននគរបាលស្រុក ជាពិសេស ក៏មានសបុរសជនជិតឆ្ងាយផងដែរ ក្នុងនោះ ក៏មានលោកចៅអធិការវត្ត ស្រុកថាឡា ព្រះអង្គក៏បានជួយជាសម្ភារមួយចំនួន និងថវិកាផងដែរ ។
លោកបន្តទៀតថាៈ ផ្ទះនេះ មានទំហំ ៨×១២ ម៉ែត្រ ថ្មក្រោមលើឈើ ដំបូលប្រក់គ្បឿងក្បាច់ មានទំហំធំជាងមុន ហើយលោកមានការរីករាយ និងសប្បាយចិត្ត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅខណៈលោកសន្សំថវិកា បានជាមួយគ្រឿងផ្ទះសព្វគ្រប់ ក៏ដោយសារមានការសម្របសម្រួល ពីលោកសែម ស៊ីថា អធិការដ្ឋាននគរបាលស្រុកថាឡាបរីវ៉ាត់ លោកបានសម្រួលដល់ការអារជ្រៀក និងដឹកជញ្ជូននូវឈើគ្រឿងផ្ទះនេះផងដែរ ហើយនៅថ្ងៃនេះ ក៏មានបងប្អូនជាច្រើនក្នុងភូមិ និងអ្នកស្រុក ហើយក៏មានបងប្អូនទាហាន ជួយយ៉ាងសស្រាក់សស្រាំ ទោះបីលោកចូលនិវត្តន៍ហើយក្តី ក៏នៅមានកម្លាំងអធិការដ្ឋាននគរបាលស្រុកចូលរួម ក្នុងការសាងសង់ផ្ទះថ្មីរបស់លោកឡើងវិញ។
ក្នុងនោះផងដែរ លោកព្រំ ឆន អធិការរងស្រុកថាឡាបរីវ៉ាត់ តំណាងឲ្យលោកសែម ស៊ីថា អធិការនគរបាលស្រុក បានមានប្រសាសន៍ថាៈ លោកដឹកនាំកម្លាំងប៉ុស្តិ៍ និងមន្ត្រី ក្រោមឱវាតមកចូលរួមជួយលើកផ្ទះថ្មី របស់លោកអ៊ីវ លឿ អតីត គាត់ជាអធិការរងមួយរូប ក្នុងការបំរើជាតិមាតុភូមិ តាំងពីឆ្នាំ១៩៧៩មក ឥឡូវគាត់បានចូលនិវត្តន៍ហើយៗផ្ទះ ក៏ត្រូវអគ្គិភ័យឆាបឆេះអស់ទៀត មុនម្ចាស់ ចូលនិវត្តន៍ធ្វើឲ្យគាត់បាក់ទឹកចិត្ត នៅពេលអ្វីៗអស់គ្មានសល់ ដូច្នេះទើបលោកអធិការបញ្ជាឲ្យលោកដឹកនាំ កម្លាំងមកជួយលើកផ្ទះថ្មី ទៅតាមការសន្យា នៅពេលដែលគាត់ជួបការលំបាក អង្គភាពយើង រួមទាំងអាជ្ញាធរមូលដ្ឋាន តែងតែគិតគូរ ដល់ក្រុមគ្រួសារ រងគ្រោះមិនថា អគ្គិភ័យ ឬគ្រោះធម្មជាតិផ្សេងៗនោះទេ ៕ មាស សុផាត