ភ្នំពេញ៖ សិល្បករ ពិសេសផ្នែកចម្រៀងមួយចំនួន ធ្លាប់បានស្គាល់ ខូ លីន(Kho Lin) តាមរយៈស្នាដៃនិពន្ធបទភ្លេង ទំនុកច្រៀង និងជាអ្នកចម្រៀងវ័យក្មេង ដែលធ្លាប់ប្រឡូកសិល្បៈចាប់តាំងពីឆ្នាំ២០១៤មក ។
ស្ងាត់បាត់មុខពីសិល្បៈមួយរយៈ ស្រាប់តែអ្នកនិពន្ធវ័យក្មេងរូបនេះលេចមុខក្នុងមុខជំនួញថ្មី លើការបើកសាលាបណ្តុះបណ្តាល ជំនាញជួសជុលទូរស័ព្ទទំនើបយ៉ាងជោគជ័យ ។
លោក ខូ លីន ធ្លាប់បាននិពន្ធបទចម្រៀងឲ្យ តារាចម្រៀង និងផលិតកម្មក្នុងស្រុកមួយ ចំនួន ហើយបទដែលទទួលបាន ការគាំទ្រច្រើនមានដូចជាបទ កុំទៅចោលបង បទ កុំពង្រាត់ស្នេហ៍ខ្ញុំបានទេ និងបទ ឆ្ងាយ ជាដើម ។ ក្នុងនោះ លោកក៏ធ្លាប់បានបណ្តាកម្មវិធី ប្រគំតន្ត្រី និងស្ថានីយទូរទស្សន៍ ក្នុងស្រុកអញ្ជើញជាកិត្តិយសឡើងច្រៀងជាញឹកញាប់ផងដែរ ។
ក្នុងជំនួបចៃដន្យកាលពីថ្មីៗនេះ លោក ខូ លីន បានបញ្ជាក់ថា លោកបានផ្អាកការងារជាច្រើន ក្នុងវិស័យសិល្បៈប្រមាណ២ឆ្នាំ មកហើយ ពោលគឺក្រោយលោកចាប់ផ្តើម បើកថ្នាក់បង្ហាត់បង្រៀនជំនាញផ្នែកជួសជុលទូរស័ព្ទ និងលក់ដូរឧករណ៍ជួសជុលទូរស័ព្ទ ។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា មិនបានបោះបង់អាជីពសិល្បៈទាំងស្រុងនោះទេ ប៉ុន្តែដោយសារឱកាសនៃការរកស៊ីហាក់អំណោយផលច្រើន ស្របនឹងជំនាញបច្ចេកទេសលោកនោះ ទើបត្រូវផ្អាកការងារសិល្បៈមួយរយៈពេលសិន ។ សិល្បករវ័យ២៩ឆ្នាំរូបនេះ បញ្ជាក់ថា បច្ចុប្បន្នហាង និងថ្នាក់បណ្តុះបណ្តាលរបស់លោកមានយីយោ “ខ្មែរហ្វូន (Khmer Phone)ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
លោកបញ្ជាក់ថា បច្ចប្បន្នលោកមមាញឹកខ្លាំងស្ទើររកពេលសម្រាកគ្មាន ព្រោះតែត្រូវបង្ហាត់បង្រៀនសិស្សប្រមាណជិត៤០នាក់ ។ លោកថា ចិត្តស្រឡាញ់វិស័យសិល្បៈនៅតែមាន ដូចនេះការចិញ្ចឹមចិត្តនិពន្ធ និងច្រៀងនៅតែបន្តដែលលោក បញ្ជាក់ថា នៅតែឆ្លៀតពេលទំនេរបន្តិចបន្តួចដើម្បីរៀបចំនិពន្ធបទភ្លេងទំនុកច្រៀងសម្រាប់សិល្បករដទៃ និងខ្លួនឯង ។
លោកថាក្នុងពេលដ៏ខ្លីខាងមុខលោកនឹងបញ្ចេញស្នាដៃបទ ចម្រៀងថ្មី Original Song ផ្ទាល់ខ្លួនមួយបទគឺបទ អូនទៅណាហើយ ដែលជាប្រភេទបទមនោសញ្ចេតនាស៊ីជម្រៅ ដែលលោករំពឹងថា នឹងអាចជួយបន្តដង្ហើមសិល្បៈទៅមុខ ។
អ្នកនិពន្ធមកពីទឹកដីនៃខេត្តកំពង់ស្ពឺរូបនេះបន្តថា ចិត្តស្រឡាញ់សិល្បៈលោកបានចងក្រង និងប្រមូលផ្តុំតន្ត្រីករ សិល្បករ អ្នកនិពន្ធវ័យក្មេងមួយចំនួន និងធ្លាប់បានបញ្ចេញស្នាដៃនិពន្ធបទចម្រៀងសម្រាប់តារាចម្រៀងជាច្រើនផងដែរ ។ ក្រៅពីនេះ លោកក៏មាន Studio ថតបទចម្រៀងផ្ទាល់ខ្លួន និងសម្រាប់សិល្បករនានាផងដែរ ។
លោករំពឹងដែរថា ក្រោយការងារបើកថ្នាក់បណ្តុះបណ្តាល និងរកស៊ីផ្នែកលក់សម្ភារ ជួសជុលទូរស័ព្ទដៃទំនើបទទួល បានជោគជ័យ និងមានក្រុមការងារមើលការ ខុសត្រូវច្រើន លោកនឹងបន្តប្រឡូកក្នុងអាជីពសិល្បៈពេញទំហឹងជាថ្មីផងដែរ ៕ ដោយ វឌ្ឍនា