ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងសង្វេគ នៅគ្រាដែលរូបគាត់ស៊ីឈ្នួលកាប់ឈើយកដីធ្វើចំការឲ្យនាយទាហានម្នាក់ នៅព្រំដែនកម្ពុជា-ថៃ ។
ហេតុការណ៍ករណីកាប់ដើមឈើដួលរលំសង្កត់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅរសៀលថ្ងៃច័ន្ទ ១៣កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងព្រៃត្រង់ចំណុចអូរធុងសាំង ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នគរបាលប៉ុស្តិ៍រដ្ឋបាលថ្មដាបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ នាក់ កាំង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីនគរបាលប៉ុស្តិ៍ខាងលើបន្តថា មូលហេតុដែលជនរងគ្រោះរហូតដល់បាត់បង់ជីវិតនេះ បានកើតឡើងនៅគ្រាដែលគាត់ស៊ីឈ្មួលកាប់ព្រៃឈើយកដីធ្វើចំការ ឲ្យនាយទាហានឋានៈមេបញ្ជារងវរៈលេខ១ម្នាក់ ប៉ុន្តែជាអកុសលនៅពេលអារដើមឈើរលំដួលមែកវ័ធចំក្បាល បណ្ដាលឲ្យបែកផុងលលាដ៍ប្រកាច់ស្លាប់ភ្លាមៗ។
សមត្ថកិច្ចថា ករណីនេះជនរងគ្រោះពិតជាស្លាប់ដោយដើមឈើដួលរលំចំពិតប្រាកដ ពុំមានករណីឃាតកម្មនោះឡើយ ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រសារ ធ្វើបុណ្យ ៕ ប៉ឹម ពិន