ក្នុងពេលដែលពលរដ្ឋកំពុងតែបារម្ភពី តេនញ៉ាជ្រូក ដែលបានរកឃើញនៅលើកុមារដល់ទៅ២០៩នាក់ នៅក្នុងខេត្តភាគខាងជើង វៀតណាម ពេលនេះ គេបានរកឃើញ តេនញ៉ នៅក្នុងត្រីផងដែរ ។ ពេលកាត់ត្រីជាកង់ៗសម្រាប់ធ្វើម្ហូប ក៏ឃើញមានតេនញ៉ាជ្រូកលេចចេញ ។
កន្លងមក ដោយព្រួយបារម្ភពីតេនញ៉ាជ្រូក បងប្អូនស្ត្រីមេផ្ទះ ជាច្រើន មិនហ៊ានទិញសាច់ជ្រូកមកបរិភោគនោះឡើយ ដោយបង្វែមកបរិភោគ គ្រឿងសមុទ្រ ឬត្រីវិញម្តង ។ ប៉ុន្តែពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយបានបង្ហាញរូបភាព តេនញ៉ា មាននៅក្នុងសាច់ត្រី ពេលកាត់ជាកង់ៗ ក៏ឃើញវារចេញពីសាច់ត្រី ។ ប៉ុន្តែឃ្លីបវីដេអូ និងរូបភាពនោះ មិនទាន់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយថា តើជារឿងពិតឬ យ៉ាងណា ។
កន្លងមកថ្មីៗ ក្មេងៗសាលាមត្តេយ្យសរុប២០៩នាក់ នៅខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានគេធ្វើតេស្ត រកឃើញថា មានផ្ទុកតេនញ៉ាជ្រូក (Pork Tapeworm) ខណៈដែលឪពុកម្តាយរបស់ពួកគេបានទម្លាក់កំហុសទៅលើម្ហួបអាហារដែលខូចនៅឯសាលាមត្តេយ្យរបស់ក្មេងៗទាំងនេះ ។
ក្មេងៗប្រមាណជា២,០០០នាក់ ជាពិសេសនៅស្រុក Thuan Thanh នៃខេត្ត Bac Ninh ត្រូវបានឪពុកម្តាយនាំយកទៅធ្វើតេស្តរកឃើញវត្តមានតេនញ៉ា នៅរដ្ឋធានីហាណូយ ក្រោយពីសាច់ជ្រូកដែលសង្ស័យថា មានផ្ទុកពពួកបរាសិតនេះ ត្រូវបានរកឃើញនៅតាមផ្ទះបាយ នៃសាលាមត្តេយ្យរបស់ពួកគេ ។ ទោះជាបែបនេះក្តី ប្រភពពិតប្រាកដនៃការឆ្លងមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់ពីសំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ ។
គួរជម្រាបថា តេនញ៉ាជ្រូក ឆ្លងមកកាន់មនុស្សតាមរយៈការបរិភោគអាហារដែលខូច ហើយនៅពេលឆ្លង ពួក វាអាចរាលដាលទៅដល់កន្លែងខុសគ្នាក្នុងរាងកាយយើង រួមមានសាច់ដុំ កែវភ្នែក និងខួរក្បាលជាដើម។ រីឯរោគសញ្ញាវិញ រួមមានដូចជា ស្កន់ជាន់ ខ្វិន ឈឺក្បាលខ្ទាំៗ និងបាត់បង់ការចងចាំជាដើម ប្រសិនបើពពួកបរាសិតនេះ ជ្រៀតចូលទៅដល់ខួរក្បាល ឬខ្វាក់ បើសិនពួកវាចូលដល់ផ្នែក។ ដើម្បីសម្លាប់តេនញ៉ាដែលមានធំពេញវ័យ គេត្រូវចំណាយពេលត្រឹម១ថ្ងៃ ហើយដើម្បីកម្ទេចរាល់ស៊ុតរបស់វាទាំងអស់នៅក្នុងរាងកាយយើងត្រូវប្រើពេល២សប្តាហ៍៕