ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ជាចោរលួចទូរស័ព្ទដៃ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីធ្វើការសាកសួរបញ្ចប់នីតិវិធីកាលពីរសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ។
យោងតាមប្រភពពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត ពេជ្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុច តូបលក់កាបូប និងខ្សែក្រវាត់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ០១គ្រឿងម៉ាក HUAWEI របស់ជនរងគ្រោះឈ្មោះ ប៉ាល់ សុភី ភេទប្រុស ។
ក្រោយពេលឃាត់ខ្លួន រូបគេ បានសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ រូបខ្លួនបានដើរទៅរកទិញចំណីហូប លុះពេលដើរដល់ចំណុចតូបលក់កាបូប និងខ្សែក្រវាត់មួយកន្លែង ពេលនោះឃើញទូរស័ព្ទដៃ ០១គ្រឿងម៉ាក HUAWEI ទុកនៅលើតុ ហើយម្ចាស់ដេកលក់ រូបគេក៏ដើរចូលទៅក្នុងតូប លួចយកទូរស័ព្ទនោះ តែត្រូវម្ចាស់តូបភ្ញាក់ទាន់ បានស្រែកចោរៗ រូបខ្លួនបានរត់គេចខ្លួនបានចម្ងាយ ៣០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋហ៊ុមព័ទ្ធ ភ្លាមនោះក៏បានរើសដំបងប្រវែងប្រហែល២ម៉ែត្រ យកមកគំរាមប្រជាពលរដ្ឋកុំឲ្យចូលចាប់រូបខ្លួន ស្រាប់តែមានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ដែលកំពុងល្បាតឃើញបានចូលមកឃាត់រូបខ្លួនតែម្តង ។
ជនសង្ស័យបន្ថែមទៀតថា កន្លងមករូបខ្លួនរើសអេតចាយយកទៅលក់បានប្រាក់ខ្លះ ហើយយកទៅទិញថ្នាំញៀននៅម្តុំអគារ៤២ជាន់ និងម្តុំផ្លូវរ៉ារថភ្លើង មកប្រើប្រាស់ជាប្រចាំផងដែរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ស រស្មី