ខេត្តកណ្ដាល៖ បុរសម្នាក់បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួន នៅលើដើមឈើក្បែប្រឡាយទឹកមួយកន្លែង សង្ស័យមានវិបត្ដិគ្រួសារ ។ ករណីខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ សាន់ រ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២៣ ជនរងគ្រោះបានទំនាស់ពាក្យសម្ដីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ នៅផ្ទះម្ដាយក្មេកជនរងគ្រោះ ។ ក្រោយពីជជែកគ្នារួច ជនរងគ្រោះមានចិត្ដខឹងយ៉ាងខ្លាំង ក៏ជិះម៉ូតូចេញទៅផ្ទះបាត់ដោយពុំដឹងទៅណានោះទេ ។ លុះមកដល់ថ្ងៃទី១៨ ខែឆ្នាំដដែល វេលាម៉ោង៨និង៣០នាទី ស្រាប់តែប្រជាពលរដ្ឋឈ្មោះ មាន មឿន ភេទប្រុស អាយុ២៧ឆ្នាំ ត្រឡប់មកពីបាញ់ថ្នាំស្រូវវិញ ក៏ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ដោយចងក.ធ្វើអត្ដឃាតខ្លួនឯង នៅលើដើមឈើក្បែរប្រឡាយទឹក បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិល ដើម្បីពិនិត្យ ។
ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលជំនាញស្រុក ,ក្រុមប្រឹក្សាឃុំ ,លោកមេភូមិ និថគ្រូពេទ្យមណ្ឌលសុខភាពឃុំ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតប្រាកដមែនពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ បន្ទាប់ពីពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ