ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទទួលជួបសំណេះសំណាលជាមួយ អនុព័ន្ធយោធាឥណ្ឌូណេស៊ី

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០:០០នាទី ព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯក អុី ញ៉ម៉ាន់ សូកាសាណា (I Nyoman Sukasana) ប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងឯកឧត្ដម នាយកទីចាត់ការ និងនាយទាហានដែលមានការពាក់ពន្ធ័មួយចំនួនទៀត។

នៅក្នុងកិច្ចសំណេះសំណាលនេះ លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាអាទិ៍ការចុះអនុស្សរណៈយោគយល់គ្នាស្ដីអំពីកិច្ចសន្ទនាកងទ័ពជើងគោក និងកងទ័ពជើងគោក ដែលរក្សាបាននូវការសន្ទនាជារៀងរាល់ឆ្នាំ។ ម្យ៉ាងវិញទៀត ប្រទេសទាំងពីរតែងតែមានការផ្លាស់ប្ដូរទស្សនកិច្ចយោធាជាន់ខ្ពស់តាមរយៈការស្នើសុំ និងការអញ្ជើញដោយភាគីទាំងពីរ។

ក្នុងខណៈនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូណេស៊ីដែលបានផ្ដល់ជំនួយជាសម្ភារៈ និងវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលដល់នាយទាហានកម្ពុជាជារៀងរាល់ឆ្នាំ៕ សសម


ចែករំលែក៖