ព័ត៌មានទាន់ហេតុការណ៍៖

ករណីហិង្សាបង្កដោយប្រធានក្រុមជនជាតិចិននៅរោងចក្រ «យូនី ខន កាត់ដេរ » ខណ្ឌដង្កោ ទៅលើកម្មការិនីម្នាក់ ដែលទើបតែឆ្លងទន្លេបាន៣ខែ នៅមិនទាន់ដោះស្រាយចប់ទេ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះថា ប្រធានក្រុមជាជនជាតិចិនម្នាក់ នៅរោងចក្រ«យូនី ខន កាត់ដេរ » ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ដែលបានបង្កហិង្សាវាយមកលើកម្មការិនីរោងចក្រម្នាក់ ដែលទើបតែសម្រាលកូនបានប្រហែល៣ខែ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នោះ នៅមិនទាន់មានដំណោះស្រាយទេ ខណៈដែលសំណុំរឿងកំពុងស្ថិតនៅអធិការខណ្ឌដង្កោ រីឯជនបង្ក និងជនរងគ្រោះកំពុងស្ថិតនៅទីតាំងកើតហេតុដដែល ។ តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោកំពុងតែឲ្យភាគីទាំង២សម្របសម្រួលគ្នា បើមិនត្រូវគ្នា និងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ សុខុម ភេទស្រី អាយុ៣៣ឆ្នាំ តួនាទីត្រួតពិនិត្យ (ទើបឆ្លងទន្លេបានប្រហែល៣ខែ), ស្នាក់នៅភូមិជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនបង្ក មានឈ្មោះ ចូវ វាំងហ្វិន ភេទប្រុស អាយុ៤៥ឆ្នាំ តួនាទីប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រ ។

សូមបញ្ជាក់ផងដែរថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកម្មករ-កម្មការិនីចំនួន ៣៩០នាក់ បានចេញប្រមូលផ្តុំគ្នានៅមុខរោងចក្រ មិនចូលធ្វើការ ព្រោះតែខឹងនឹងប្រធានក្រុម ដែលជាជនជាតិចិន បានប្រើហិង្សាវាយមកលើកម្មការិនីរោងចក្រម្នាក់ ដែលទើបតែសម្រាលកូនបានប្រហែល៣ខែតែប៉ុណ្ណោះ ដើម្បីទាមទារសំណងជំងឺចិត្តចំនួន៤០០០ដុល្លារ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចរោងចក្រ «យូនី ខន កាត់ដេរ » ដែលមានទីតាំងស្ថិតនៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖