ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ចាក់អង្រែលើ៖ បញ្ហាល្បែងអាប៉ោងទុកឲ្យនគរបាលចាត់ការ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាល្បែងស៊ីសងនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ វាហាក់បីដូចជាមិនបានថមថយឡើយ ហើយនេះ ជាក្តីកង្វល់របស់ពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់ ដែលមានល្បែងអាប៉ោង បើកលេងពីព្រឹករហូតដល់ល្ងាច យប់ មានមនុស្សចេញ ចូល លេងបាញ់អាប៉ោងគគ្រឹកគគ្រេង ដោយមិនបានក្រែងរអាសមត្ថកិច្ចឡើយ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ ចៅសង្កាត់ចាក់អង្រែលើលោក កែវ សាវឿន បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា បញ្ហាល្បែងស៊ីសងដែលថា មានវង់អាប៉ោងនោះ លោកតែងតែបានដឹកនាំចុះបង្ក្រាបជាហូរហែ តែម្តងនេះ បើមានលេងអាប៉ោងមែន នៅក្នុងភូមិព្រែកតាគង់ លោកនឹងសហការជាមួយនគរបាលប៉ុសិ៍្តចុះទៅមើលសិន ឬលោកទុកការងារនេះ ឲ្យនគរបាលចុះទៅបង្ក្រាបឲ្យខាងតែបាន ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា វង់អាប៉ោងនេះ គេលេងរាល់ថ្ងៃ ហើយក្រុមសមត្ថកិច្ចមិនដឹងថា មកពីខាងណាខ្លះនោះទេ ជិះម៉ូតូចូលមកយកលុយពីអ្នកមើលការខុសត្រូវនៅទីនេះ ក្នុងម្នាក់ៗ ៣០០០រៀល ទៅ៥០០០រៀល ។ ដោយមូលហេតុនេះហើយ បានជាសមត្ថកិច្ចមូលដ្ឋានមិនអើពើចំពោះបញ្ហាល្បែងស៊ីសង នៅតំបន់នេះមិនថា ឡើយវង់អាប៉ោង វង់បៀលេងពេញក្រោមផ្ទះ បៀតង ជាដើម។

លោក អ៊ុំ រតនា នាយនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើបានប្រាប់ថា លោកពុំទាន់បានទទួលបញ្ជាណាមួយពីគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់នៅឡើយទេ ជុំវិញបញ្ហាឲ្យ ចុះបង្ក្រាបល្បែងស៊ីសងអាប៉ោងនៅភូមិតាគង់នេះ ។

បញ្ហាដែលមានការលើកឡើងនូវការរិះគន់ថា លោកចៅសង្កាត់ចាក់អង្រែលើធ្វើការងារនៅក្នុង Office តែងតែបិទទ្វារដាក់គន្លឹះជាប់ពិបាកជួបជាងជួបនាយករដ្ឋមន្ត្រីទៅទៀតនោះ អភិ បាលរងខណ្ឌមានជ័យ លោក ឡុង ង៉ែត បានប្រាប់តាមទូរស័ព្ទថា ចៅសង្កាត់ចាក់អង្រែលើមិនដែលធ្វើដូច្នោះទេ ហើយពីរថ្ងៃនេះ លោកចៅសង្កាត់ជាប់រវល់សន្និបាតនៅសាលារាជធានីភ្នំពេញ ។ ម្យ៉ាងវិញទៀត លោកចៅសង្កាត់តែងតែបានចុះជួបពលរដ្ឋ ហើយជូនកាលគាត់នឿយហត់ពេក ក៏សម្រាក់នៅប៊ូរ៉ូចាក់ទ្វារសិនទៅ ។ លោក ឡុង ង៉ែត បន្តថា បើមានករណីមែន ឬពលរដ្ឋណាគាត់ថ្នាំងថ្នាក់ចិត្តបញ្ហានេះមែន ចាំបាច់ត្រូវទូរស័ព្ទមកលោកភ្លាម។ ចៅសង្កាត់មិនអាចធ្វើដូច្នេះបានទេ ត្រូវទទួលបំរើពលរដ្ឋ៕ តាឡឹម

 


ចែករំលែក៖