ភ្នំពេញ ៖ គ្រូបង្រៀនសាលាភាសាអង់គ្លេសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នៅវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពេលល្បួងក្មេងស្រីម្នាក់យកទៅរំលោភនៅផ្ទះសំណាក់ភ្នំមាសបានសម្រេច ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះអាយុ១៥ឆ្នាំ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ចិន មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង០០នាទី ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៤០នាទី ក្មេងស្រីរងគ្រោះកំពុងតែរៀនភាសាអង់គ្លេសនៅសាលាឯកជនឈ្មោះ សាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះជនសង្ស័យដែលជានាយករងសាលាភាសាអង់គ្លេសខាងលើ បានបបួលក្មេងស្រីរងគ្រោះទៅដើរលេង រួចក្មេងស្រីរងគ្រោះក៏យល់ព្រម ហើយជនសង្ស័យក៏បានបើកម៉ូតូជិះឌុបគ្នាតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះពេលទៅដល់ផ្ទះសំណាក់ ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យក៏បានបើកម៉ូតូម៉ាកខាងលើឌុបក្មេងស្រីរងគ្រោះចូលទៅជួលបន្ទប់ មិនចាំលេខដេកហើយនិយាយលួងលោមក្មេងស្រីរងគ្រោះថា បងស្រឡាញ់អូនឯង ចង់បានខ្លួនប្រាណអូនឯង រួចក៏បានធ្វើសកម្មភាពចាប់រំលោភបានសម្រេចមួយលើក រួចនិយាយគំរាមក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និង អ្នកដទៃឡើយ ។
ប្រភពបន្តថា រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទីជនសង្ស័យបានទូរស័ព្ទហៅ ក្មេងស្រីរងគ្រោះអោយទៅជួយរៀបចំអ៊ីវ៉ា់ន់នៅក្នុងសាលាខាងលើ ពេលក្មេងស្រីរងគ្រោះទៅដល់ជនសង្ស័យក៏បាននាំចូលក្នុងបន្ទប់ការិយាល័យរួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ លើក្មេងស្រីរងគ្រោះបានសម្រេចមួយ លើកទៀត ហើយបាននិយាយគំរាមក្មេងស្រីរងគ្រោះដូចខាងលើដែរ ។
លុះដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង១៦និង៣០នាទី ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះមានការសង្ស័យឃើញក្មេងស្រីរងគ្រោះមានសភាពស្ងៀមស្ងាត់ សម្ងំតែក្នុងបន្ទប់ និង បាននិយាយប្រាប់បងៗថាចង់តែស្លាប់ ទើបក្រុមគ្រួសារបាននាំគ្នាលួងលោមសួរនាំ ហើយក្មេងរងគ្រោះក៏ បានប្រាប់ រឿងរ៉ាវខាងលើដល់ ឪពុកម្តាយ និង ក្រុមគ្រួសារអោយបានដឹងរឿងហេតុខាងលើតែម្តង ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគារ ចុចពិល យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវិធី៕ ភារ៉ា ដង្កោ