ព័ត៌មានទាន់ហេតុការណ៍៖

យុវតីពីរនាក់បានស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ភ្លើងឆេះ ខណៈបូមសាំងធ្វេសប្រហែសធ្លាយសាំងប៉ះចង្ក្រានហ្គាស

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យុវតីពីរនាក់បានស្លាប់ និងពីរនាក់ទៀត រងរបួសធ្ងន់នៅក្នុងអណ្តាតភ្លើងឆេះផ្ទះចំនួនបួនខ្នង ខណៈដែលឡានស៊ីទែនដឹកសាំងចូលមកបូមសាំងបញ្ចូល ការ៉ាសសាំងតែត្រូវធ្លាយលេចបាញ់ចំចង្ក្រានហ្កាស ក៏ឆាបឆេះតែម្តង កាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិមេប៉ៃ ឃំុពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះចំនួនបួនខ្នងត្រូវភ្លើងឆេះបណ្តាលមកពីឡានស៊ីទែនដឹកសាំងចូលមកតទុយយោបង្ហូរសាំងដាក់ក្នុងស៊ីទែន ហាងសាំងមួយកន្លែងមានម្ចាស់ឈ្មោះ ហ៊ាង សុធី ហៅអុល ភេទប្រុស អាយុ៥២ឆ្នាំ ។ ខណៈពេលនោះ ក៏សាំងបានធ្លាយចេញពីទុយយោ ជះចូលក្នុងផ្ទះបាយចំទៅលើចង្រ្កានហ្គាស ក៏មានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ។

ប្រភពបន្តថា ក្នុងហេតុការណ៍នោះបណ្តាលឲ្យមានមនុស្សស្រីរងគ្រោះចំនួនបួននាក់ ក្នុងនោះពីរនាក់បានស្លាប់ ទី១. ឈ្មោះ ហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ ។ ទី២.ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ ។ អ្នករងគ្រោះពីរនាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ។

ក្នុងពេលកើតហេតុ គេឃើញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពេជ្រាដា មួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តមណ្ឌលគិរី ចំនួនបួនគ្រឿង បានទៅជួយអន្តរាគមន៍ផងដែរ ឯការខូចខាតនោះមិនទាន់បានដឹងនៅឡើយ៕ ជីវន្ត័


ចែករំលែក៖