ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះក្រុងពោធិ៍សាត់ សហការចុះត្រួតពិតដេប៉ូលក់ឈើមួយកន្លែង ជាប់គ្នារបងសាលាសង្កាត់រលាប តាមបញ្ជាគណៈបញ្ជាឯកភាព សង្ស័យមានសំឡេងរំខាន និងលក់ឈើអត់ច្បាប់អនុញ្ញាត ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាព្រឹកថ្ងៃអង្អារ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចំណុចជាប់របងសាលាសង្កាត់រលាប ស្ថិតក្នុងភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា ទីតាំងដេប៉ូលក់ឈើដែលកម្លាំងសហការចុះត្រួតពិនិត្យ ជារបស់ឈ្មោះ ទឹម ហុង ភេទស្រី អាយុ ៤៦ឆ្នាំ បច្ចុប្បន្ន មានទីលំនៅភូមិ.សង្កាត់ខាងលើ ហើយការចុះពិនិត្យនេះធ្វើឡើងតាមបទបញ្ជាប្រធានគណបញ្ជាការឯកភាពខេត្ត ដែលសង្ស័យលើដេប៉ូលក់ឈើខាងលើ មានសំឡេងប៉ះពាលដល់អ្នកក្បែរខាង និងលក់ឈើគ្មានច្បាប់អនុញ្ញាត ។
ប្រភពព័ត៌មានខាងលើបន្តថា ក្រោយកម្លាំងទាញម៉ែត្រវាស់ប្រភេទ និងចំរុះខ្នាត។ល។ ឃើញថា ដេប៉ូលក់ឈើ និងឈើមានច្បាប់ ប៉ុន្តែក៏មានការខុសប្រក្រតីខ្លះដែរ ដោយឡែកមានការសម្របសម្រួលពីថ្នាក់ដឹកនាំ បានធ្វើកិច្ចសន្យា ហាមមិនឲ្យមានសំឡេងប៉ះពាល់ដល់អ្នកក្បែរខាង និងមិនឲ្យលក់ឈើគ្មានលិខិតអនុញ្ញាតជាដាច់ខាត ។
ក្នុងនោះម្ចាស់ដេប៉ូលក់ឈើលើកឡើងទាំងស្រក់ទឹកភ្នែកថា កន្លងមក គាត់ទិញឈើស្របច្បាប់រហូត ប៉ុន្តែឈើ ១រថយន្តមានចំនួន ៤០ទៅ៥០ម៉ែត្រត្រីគុណ មានច្បាប់ត្រឹមតែ១៥ទៅ១៦ម៉ែត្រត្រីគុណប៉ុណ្ណោះ តែម្ចាស់ឈើតម្រូវឲ្យទិញទាំងអស់ទើបលក់ ៕ ប៉ឹម ពិន