ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់ ដោយសារបាក់អាគារនៅឥណ្ឌា

ចែករំលែក៖

អាគារ​កំពុងតែសាងសង់ បានបាក់ស្រុត បណ្តាលឲ្យមនុស្សប្រមាណ៤០នាក់ ជាប់គាំងនៅក្រោមគំនរបាក់បែក ។ មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស ២នាក់ស្លាប់ និង​២៨នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់រំលំអាគារ​កំពុងតែសាងសង់ នៅក្នុងរដ្ឋ​ Karnataka ​ភាគនិរតីប្រទេសឥណ្ឌា ។

ប៉ូលិសរដ្ឋKarnataka បានបញ្ជាក់ព័ត៌មានចុងក្រោយ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ថា មនុស្ស២នាក់បានស្លាប់ និង២៨នាក់រងរបួស ត្រូវសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីហេតុការណ៍បាក់រលំអគារមួយកើតឡើងកាលពីថ្ងៃអង្គារ ។ អគារដែលបាក់រលំនេះមានទីតាំងស្ថិតនៅក្នុងឃុំ Kumareshwar Nagar ស្រុក Dharwad ប្រហែល៤៣៣គីលូម៉ែត្រ ភាគពាយព្យ ទីក្រុង Bengaluru រដ្ឋធានី Karnataka ។

ប៉ូលិសបញ្ជាក់ថា មនុស្សប្រហែល៥០នាក់ផ្សេងទៀតបានជាប់គាំងនៅក្រោមគំនរបាក់បែក ។ប៉ូលិសនៅមិនទាន់បញ្ជាក់ប្រាប់ពីមូលហេតុបណ្តាលឲ្យអគារនេះបាក់រលំនៅឡើយទេ ដោយបញ្ជាក់ថា ស្ថិតនៅក្រោមការស៊ើបអង្កេត ។ សូមបញ្ជាក់ថា ប្រទេសឥណ្ឌាតែងតែកើតឡើងនូវគ្រោះថ្នាក់បាក់រលំអគារយ៉ាងញឹកញាប់ ។ គ្រោះថ្នាក់ម្តងៗ បង្កឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។

អគារសំណង់នៅក្នុងប្រទេសឥណ្ឌាភាគច្រើនត្រូវជំនាញលើកឡើងថា ពុំត្រឹមត្រូវតាមបទដ្ឋានស្តង់ដារនោះឡើយ ។ ការអនុវត្តច្បាប់ទាក់ទងសំណង់នៅក្នុងប្រទេសនេះ នៅមានកម្រិត ម្ល៉ោះហើយពលរដ្ឋតែងតែរងគ្រោះដោយកត្តាបាក់រលំអគារនេះ ៕


ចែករំលែក៖