ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២១ ខែមីនា ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩នេះ ព្រះអាទិត្យនឹងរះ ចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ពោល គឺចាប់ម៉ោង៥និង៥០នាទីព្រឹកព្រលឹមស្រាងៗ រហូតដល់ម៉ោងប្រហែល៧ព្រឹកដែលយើងអាចមើលឃើញ ពីខ្លោងទ្វារកណ្តាលនៃ គុកតារាជ(ខ្លោងទ្វារធំខាងលិច)ទៅ។ នេះជាការឱ្យដឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរានៅខេត្តសៀមរាប ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះថា បើយោងតាមការ សិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌល ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាថាព្រះអាទិត្យរះទ្បើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ គេឱ្យ ឈ្មោះថា សមរាត្រី (Equinox) ពោលគឺ សមរាត្រីជា ពេលវេលាដែលថ្ងៃនិងយប់ មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅប្រាសាទអង្គរវត្តវិញនាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ។

លោក ឡុង កុសល បានឱ្យដឹងតាម ឯកសារស្រាវជ្រាវទៀតថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែ កើតមាន២ដងពោលគឺនៅរដូវប្រាំង (Vernal Equinox)កើតទ្បើងនៅខែមីនានិងសម រាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅ ខែកញ្ញា។ នៅតំបន់អាស៊ី អាគ្នេយ៍ទាំងមូលក្នុងឆ្នាំ២០១៩នេះសម រាត្រីនារដូវប្រាំងនឹង ត្រូវចំថ្ងៃទី២០ខែមីនាដោយឡែកប្រាសាទអង្គរវត្តប៉ះចំថ្ងៃទី២១។

នេះជាអច្ឆរិយការណ៍ របស់អង្គរវត្តដែលបានស្ថាបនាទ្បើងដោយមានការសិក្សា គន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិត សាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះគឺជាហេតុផលវិទ្យាសាស្រ្តមួយដែលបំពេញ ចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅ ទិសខាងលិច?ដើម្បីឈ្វេងយល់ពីអច្ឆរិយការណ៍នេះ សូមសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញទៅទស្សនានាថ្ងៃនោះ ៕ ហេង នរិន្ទ្រ


ចែករំលែក៖