ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពទាំងពីរ កម្ពុជា-សហព័ន្ធរុស្សី ពង្រឹងពង្រីក និងបង្កើន កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក Aleksandr Basov ប្រធានផ្នែកស្ថាបនា កងទ័ពជើងទឹក ស្នងការប្រយុទ្ធ បញ្ជាការ កងទ័ពជើងទឹក សហព័ន្ធរុស្សីចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត រវាងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)និងកងទ័ពសហព័ន្ធរុស្សី ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃ ពុធ១៥កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០១៩ នៅបន្ទប់សវនាការក្រសួងការពារជាតិ ។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ មឹុង សំផន បានលើកពីសម័យចុងទសវត្សរ៍ទី ៧០ កាលពីអតីត កងទ័ពសហភាពសូវៀត ឥឡូវប្តូរឈ្មោះមកជាកងទ័ពសហព័ន្ធរុស្សី បានគាំទ្រដល់កងទ័ពកម្ពុជា ដូចជាជួយហ្វឹកហ្វឺន បណ្តុះបណ្តាល កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងជួយឧបត្ថម្ភ គាំទ្រដល់កងទ័ពកម្ពុជា ការពារបានរបបប្រល័យពូជសាសន៍ និងបរិវារមិនឲ្យវិលត្រឡប់មកកាប់សម្លាប់ប្រជាជនកម្ពុជាជាលើទីពីរ ព្រមទាំងសម្ភារ បរិក្ខាយោធា ជាច្រើនសព្វថ្ងៃ (ខ. ភ.ម) កំពុងថែទាំ ជួសជុល ប្រើបា្រស់ បានយ៉ាងល្អប្រសើរ ។

ដោយមានការចុះអនុស្សារណៈ រវាងកងទ័ពទាំងពីរ (ខ. ភ.ម)និងកងទ័ពសហព័ន្ធរុស្សី យើងសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរទ្វេឡើងថែមទៀតផងដែរ ៕ សុខដុម


ចែករំលែក៖