ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Oh Yeun Kun អនុប្រធានសារជីវកម្មវិស្វកម្ម Yooshin នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួង ព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Oh Yeun Kun អនុប្រធានសារជីវកម្មវិស្វកម្ម Yooshin នៃសាធារណរដ្ឋកូរ៉េ ។

លោករដ្ឋមន្រ្តី បានជម្រាបអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង និងកិច្ចការចំពោះមុខដែលត្រូវអនុវត្ត និងអំពីការជួយគាំទ្រលើវិស័យធនធានទឹកពីសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកជម្រុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាបន្តទៀត។

នៅក្នុងកិច្ចពិភាក្សា លោក Oh Yeun Kun បានបង្ហាញនូវសេចក្តីរីករាយដោយឃើញអំពីភាពរីកចម្រើននៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានវាយតម្លៃខ្ពស់អំពីការរួមចំណែកនៃវិស័យធនធានទឹកក្រោមការដឹកនាំផ្ទាល់របស់លោករដ្ឋមន្រ្តី ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលសម្រេចបានរហូតមកដល់ពេលនេះ។ លោកអនុប្រធានជម្រាបថា សារជីវកម្មវិស្វកម្មរបស់លោក ពិតជាមានកិត្តិយសដោយត្រូវបានជ្រើសរើសសម្រាប់ជួយលើផ្នែកបច្ចេកទេសក្នុងអនុវត្តគម្រោងក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋកូរ៉េ រួមមានគម្រោង៖ ១)សំណង់ទំនប់ទឹកសាលាតាអន នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង និង ២)ការអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ដោយលោកប្តេជ្ញាថា នឹងខិតខំបំពេញការងារឲ្យសម្រេចបានតាមផែនការគ្រោងទុក។

លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសបម្រើការងារក្នុងគម្រោង និងសមិទ្ធផលការងារនៃគម្រោងដែលសម្រេចបានមកដល់ពេលនេះ និងបានស្នើឲ្យសារជីវកម្មវិស្វកម្មរបស់លោក ត្រូវបំពេញតាមគោលការណ៍និងបទដ្ឋានបច្ចេកទេស ដែលបានកំណត់ និងត្រូវបន្តកិច្ចសហការ និងជួយធ្វើឲ្យគម្រោងអនុវត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់គោលបំណងនៃគម្រោងដែលបានកំណត់។

សូមជម្រាបថា គម្រោងសំណង់ទំនប់ទឹកសាលាតាអន មានគោលបំណងសំខាន់ គឺ ១) ការបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីរាប់ម៉ឺនហិកតានៅប៉ែកខាងក្រោម ២) ដើម្បីរក្សាស្ថេរភាពទឹកដើម្បីបម្រើដល់ការប្រើប្រាស់ទឹកស្អាតសម្រាប់ខេត្តបាត់ដំបង និង៣) សម្រាប់លើកកម្ពស់សោភ័ណ្ឌភាព និងទាក់ទាញទេសចរណ៍បែបធម្មជាតិ។ គម្រោងនេះ ត្រូវអនុវត្តក្នុងរយៈពេល ០២ឆ្នាំ (២០១៨-២០២០) ដែលរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារ គឺសម្រេចបានប្រមាណ ២០ភាគរយ ។ ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីកាត់បន្ថយការខូចខាតដោយទឹកជំនន់ និងរាំងស្ងួត ព្រមទាំងសាងសង់ទំនប់ពហុបំណង និងប្រឡាយដើម្បីបម្រើអោយការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត។ ចំពោះដំណើរការនៃគម្រោង រហូតមកដល់ពេលនេះគឺបានចុះកិច្ចសន្យាកាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នកំពុងសិក្សាគ្រោងប្លង់ និងចាប់ផ្តើមការងារសាងសង់នាពេលខាងមុខ៕ សុខ ខេមរា

 


ចែករំលែក៖