ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បង្ហេីបថា បទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក គឺ មានប៉ូលិសពាក់ព័ន្ធដែរ ដែលពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
ប្រសាសន៍សម្តេចក្រឡាហោម ស ខេង បង្ហេីបបែបនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធិបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
មជ្ឈដ្ឋានជាច្រើន ចង់ដឹងណាស់ ថា ប៉ូលិសថ្លេីមធំមួយណា ដែលហ៊ានពាក់ព័ន្ធគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលគេអាចសន្មតថា ប៉ូលិសរូបនេះ ក៏មិនមែនស័ក្តិតូចតាចដែរ ? ។
សូមបញ្ជាក់ថា ថ្មីៗនេះ អ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ទេីបត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី ដែលគេពេញនិយមហៅថា”គុកអ្នកមាន”។
ប៉ុន្តែរហូតមកទល់ពេលនេះ គេពុំដែលបានឃេីញមុខអ្នកឧកញ៉ាគិត ធាង បែរទៅណាម្តងណាឡេីយ ដោយសារតែគ្មានរូបភាពបែកធ្លាយពីសមត្ថកិច្ច ដូចករណីដទៃៗទៀត មានជាអាទិ៍ករណីចោរលួចមាន់ជាដេីម ។
មិនតែប៉ុណ្ណោះ សូម្បីបញ្ជូនមកតុលាការ អ្នកឧកញ៉ា គិត ធាង ត្រូវបានដឹកតាមរថយន្តទំនើប បិទកញ្ចក់ខ្មៅ ជិះឡានចូលដល់ខាងក្នុងតុលាការ ដែលអ្នកសារព័ត៌មាន ពុំអាចប្រមាញ់រូបភាពបានឡើយ ៕ចេស្តា