ភ្នំពេញ ៖ នារីម្នាក់បានសម្រេចចិត្ត វះកាត់ច្រមុះ ដើម្បីបន្ថែមសម្ផស្សកាន់ តែស្អាត ប៉ុន្តែអី្វដែលនាងប៉ងបែរជាធ្វើឲ្យ ច្រមុះនាងខូចពីទ្រង់ទ្រាយលើសដើម ហើយបានទៅសាកសួរម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សសុខភាពសម្រស់វះកាត់ច្រមុះ បែរជាម្ចាស់ទីតាំងមិនព្រមទទួលស្គាល់ រហូតបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព ទើបម្ចាស់ទីតាំងព្រមចេញមុខដោះស្រាយជាមួយនារីរងគ្រោះ ។
នារីរងគ្រោះឈ្មោះ មាស ចាន់និមល អាយុ៣០ឆ្នាំបានឲ្យដឹងរឿងរ៉ាវនេះ នៅ វេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅទីតាំងមុខមជ្ឈមណ្ឌលថែ រក្សាសម្ផស្សសុខភាពសម្រស់ ដែលមាន ទីតាំងផ្ទះលេខ៤៣ ផ្លូវលេខ៥៣ សង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។ នាងបានរៀប រាប់ថា បានមកកែច្រមុះឲ្យស្រួចក្នុងតម្លៃ ៥០០ដុល្លារ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ប៉ុន្តែក្រោយធ្វើបានរយៈពេល២ថ្ងៃកន្លះ ស្រាប់តែច្រមុះគាត់មានសភាព មិនប្រក្រតី គឺឆ្អឹងជ័រដែលពេទ្យដាក់ចូល ក្នុងច្រមុះធ្វើឲ្យហើមពេញផ្ទៃមុខគាត់ និង ហូរឈាមមិនឈប់ ពិបាកទ្រាំ ទើបគាត់ទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យមើល ឡើងវិញ ។
នារីរងគ្រោះបន្តថា បន្ទាប់ពីរូបគាត់បានទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ច្រមុះ ដែលគាត់វះកាត់គឺខូចហើយ ហើយក្រុមគ្រូពេទ្យបានប្រាប់ថាឲ្យរូបគាត់មកជួបខាងបច្ចេកទេស ដែលវះកាត់ច្រមុះគាត់ឲ្យជួយដោះស្រាយបញ្ហា ។
បន្ទាប់ពីក្រុមគ្រូពេទ្យបានណែនាំរូប គាត់បានត្រឡប់មកមជ្ឈមណ្ឌលថែរក្សា សម្ផស្សសុខភាពសម្រស់ ដើម្បីឲ្យត្រួតពិនិត្យ និងព្យាបាលឡើងវិញ បែរជាខាងអ្នកកែសម្ផស្សថា គ្មានខូចច្រមុះនោះទេ ព្រោះក្រោយពីកាត់គឺមានសភាពហើម អ៊ីចឹងហើយ ។ ក្នុងហេតុការណ៍នោះក៏ មានមន្ត្រីនគរបាលម្នាក់ស្លៀកឯកសណ្ឋានជាកងកម្លាំងបានមកគំរាមនាងថា គឺសង២០០ដុល្លារយកទៅ បើចង់រករឿងក៏មិនឈ្នះគេដែរ ព្រោះគេសុទ្ធតែសែស្រឡាយ អ្នកធំ ។ ដោយនាងកើតទុក្ខ មិនសុខចិត្ត ក៏បានស្រែកឆោឡោដើម្បីឲ្យមានរឿងភ្ញាក់ផ្អើលដល់សមត្ថ កិច្ចនិងអ្នកសារព័ត៌មានចុះជួយអន្តរាគមន៍ ។
ភ្លាមនោះគេឃើញក្រុមអ្នកសារព័ត៌មានបានចុះដល់កន្លែងកើត ហេតុនិងធ្វើបទសម្ភាសន៍ជាមួយនារីរងគ្រោះ ហើយនាងបានរៀបរាប់ដូចរឿងហេតុខាងលើ និងទាមទារជំងឺចិត្តឲ្យខាងមជ្ឈមណ្ឌលថែ រក្សាសម្ផស្សសុខភាពសម្រស់ជួយចេញថ្លៃព្យាបាល និងថ្លៃវះកាត់ដែលគាត់ធ្វើអស់តម្លៃចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ។
ដោយឡែកនៅកន្លែងកើតហេតុគេឃើញអ៊ំស្រីម្នាក់ (មិនប្រាប់អត្តសញ្ញាណ) គ្រាន់តែនិយាយថា គាត់ជាបងប្អូនភាគីមជ្ឈមណ្ឌលថែរក្សាសម្ផស្សសុខភាពសម្រស់ ។ នារីរងគ្រោះនិយាយថា ការវះកាត់ច្រមុះវាតែងតែហើមសាច់ច្រមុះរយៈពេល២ទៅ៣ថ្ងៃឯណោះ ទើបវាស្រកវិញ ហើយ ឥឡូវនេះខាងខ្ញុំព្រមដោះស្រាយជូនក្មួយស្រីរងគ្រោះដោយឲ្យដុកទ័រជំនាញច្រមុះត្រួតពិនិត្យមើល បើមានបញ្ហាគាត់នឹងធានាព្យាបាលឲ្យជាដូចដើម និងសងថ្លៃធ្វើចំនួន៥០០ដុល្លារជូននាងវិញ ។
ទោះបីជាយ៉ាងណា នារីរងគ្រោះសុខចិត្តយកការសងជំងឺចិត្តពីខាងកែសម្ផស្ស តែ មិនព្រមឲ្យខាងកែសម្ផស្សដែលធ្វើឲ្យខូចច្រមុះព្យាបាលទៀតឡើយ គឺគាត់សុខចិត្តយកថ្លៃជំងឺចិត្តទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងវិញ ព្រោះអស់ជំនឿ ។ នារីរងគ្រោះបន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋ ពិសេសនារីៗដែលចង់កែច្រមុះឲ្យស្រួចស្អាត សូមកុំមកកែទីតាំងមជ្ឈមណ្ឌលថែ រក្សាសម្ផស្សសុខភាពសម្រស់ខាងនេះឲ្យសោះ ព្រោះរូបខ្ញុំផ្ទាល់បានរងគ្រោះខូច ខាតច្រមុះ ។
ទាក់ទិនបញ្ហានេះ អង្គភាពកាសែតនគរវត្ត បានទាក់ទងតាមទូរស័ព្ទទៅកាន់លេខ ០១២ ៩៨៦ ១៨៦ ដែលសរសេរ ដាក់នៅលើប៉ាណូយីហោមជ្ឈមណ្ឌលថែ រក្សាសម្ផស្សសុខភាពសម្រស់ តែទូរស័ព្ទ មិនចូល (ជាប់រវល់) ហើយបើសិនខាង មជ្ឈមណ្ឌលថែរក្សាសម្ផស្សសុខភាពសម្រស់ចង់បកស្រាយ ឬបំភ្លឺសូមមកទំនាក់ទងនៅអង្គភាពនគរវត្តចុះ ៕ ស រស្មី