ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដែលសម្លាប់នារីម្នាក់នៅស្រុកមុខកំពូលកាល១៣ថ្ងៃមុន ត្រូវប៉ូលិសចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តកណ្ដាល៖ ករណីឃាតកម្មសម្លាប់នារីម្នាក់ កាលពី១៣ថ្ងៃមុន ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងប៉ូលិសស្រុកមុខកំពូល ក្រោមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ឈានដល់កំណត់មុខសញ្ញាច្បាស់ចាប់ខ្លួនឃាតកដែលជាជនដៃដល់បាននៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៨នាទី ។

ប៉ូលិសការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ឃាតកដែលប៉ូលិសចាប់ខ្លួនឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ កសិករ និង រាវលាស ។ ចំណែកនារីរងគ្រោះដែលត្រូវជនដៃដល់សម្លាប់ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ។

ប្រភពដដែលបន្ដថា ក្រោយពីកម្លាំងប៉ូលិសទទួលបានព័ត៌មានករណីឃាតកម្មសម្លាប់នារីរងគ្រោះខាងលើ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៣និង៤៧នាទី ភ្លាមនោះកម្លាំងប៉ូលិសជំនាញខេត្ដ បានសហការជាមួយកម្លាំងប៉ូលិស្រុកមុខកំពូល ចុះពិនិត្យ និងកោសល្យវិច្ច័យសាកសពនារីរងគ្រោះ រួចបញ្ជាក់ថា ការស្លាប់របស់នារីរងគ្រោះគឺជាអំពើរឃាតកម្ម ។ បន្ទាប់ពិនិត្យចប់ កម្លាំងប៉ូលិសជំនាញខេត្ដ សហការជាមួយកម្លាំងជំនាញស្រុក ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ស្រាវជ្រាវ ស៊ើបអង្កេត ត្រឹមរយះពេល១៣ថ្ងៃ បានកំណត់មុខសញ្ញាច្បាស់ ឈានដល់ឃាត់ខ្លួនជនដៃដល់ជាឃាតកបាននៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចប៉ូលិសជំនាញ ជនសង្ស័យជាឃាតកបានសារភាពថា ខ្លួននិងនារីរងគ្រោះកាលពីជាងមួយឆ្នាំមុន គឺជាសង្សារនឹងគ្នា តែដោយខ្លួន(ជនសង្ស័យ)គ្មាទូរស័ព្ទប្រើប្រាស់ ក៏ដាច់ទំនាក់ទំនងគ្នាទៅ ។ លុះមកដល់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ នៅវលាម៉ោង ១៨ ខ្លួន(ជនសង្ស័យ) បានជិះកង់ចេញពីផ្ទះ ទៅសង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណងទៅរកទិញថ្នាំញៀន ខណះជិះកង់មកដល់ចំណុចគល់ស្ពានលីយ៉ុង ផាត់ ព្រែកព្នៅ ក៏បានជួបនារីរងគ្រោះកំពុងដើរឆ្លងកាត់ស្ពាន មកត្រើយខាងកើត ដោយធ្លាប់មានការទំនាក់ទំនងគ្នាកាលពីមុន ភ្លាមនោះជនសង្ស័យ បានសួរនារីរងគ្រោះថា ទៅណា? ភ្លាមនោះនារីរងគ្រោះឆ្លើយថា ទៅផ្ទះនៅភូមិព្រែកឬស ជួយជូនខ្ញុំ ឌុបទៅផ្ទះបានដែរឬអត់?

ភ្លាមនោះជនសង្ស័យក៏យល់ព្រមឌុប នារីរងគ្រោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យនិងនារីរងគ្រោះបានអង្គុយសារសងគ្នាមួយសន្ទុះធំ ក្រោយមក ជនសង្ស័យ បាននិយាយលួងលោមសុំរួមភេទ ប៉ុន្តែនារីរងគ្រោះមិនយល់ព្រមនោះទេ ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏ស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅ ក្បែរនោះ មកវាយជនរងគ្រោះពីក្រោយ ចំនួន២ដង បណ្ដាលឲ្យនារីរងគ្រោះដួលផ្កាប់មុខ បែកឈាម បន្ទាប់មក ជនសង្ស័យ បានទាញផ្ងារនារីរងគ្រោះ ហើយវាយថែមជាច្រើនដងទៀត លើផ្នែកមុខ និងក្បាល បន្ទាប់មកបាន ជនសង្ស័យបានស្រាតខោខ្លីចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេក ជនសង្ស័យមានការភ័យខ្លាច ក៏ជិះកង់ត្រឡប់មកផ្ទះវិញ ដោយបន្សល់ទុកខោខ្លីនៅកន្លែងកើតហេតុ ។

ប្រភពដដែលបន្ដទៀតថា លុះព្រឹកឡើង ថ្ងៃទី៨ ខែឆ្នាំដដែល វេលាម៉ោង១៣និង៤៧នាទី មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពនារីរងគ្រោះ ដេកស្លាប់ក្នុងប្រឡាយ ទើបបានជាភ្ញាក់ផ្អើល ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍សំបួរមាស រួចដើម្បីពិនិត្យ ។

ក្រោយពីប៉ូលិសប៉ុស្ដិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បន្ដរាយការណ៍ទៅប៉ូលិសជំនាញស្រុក និងប៉ូលិសជំនាញខេត្ដ រួចពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ការស្លាប់របស់នារីរងគ្រោះគឺស្លាប់ដោយអំពើរឃាតកម្ម ។ បន្ទាប់ពីពិនិត្យរួច កម្លាំងជំនាញបានសហការគ្នា ស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់មុខសញ្ញាច្បាស់ ចាប់ខ្លួនជនដៃដល់ជាឃាតកម្មនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ដោយត្រឹមរយះពេល១៣ថ្ងៃ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានប៉ូលិសជំនាញកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖