ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកកាស៊ីណូក្រោណម្នាក់ស្លាប់ ដោយរថយន្តដឹកកម្មករ បើកបុកម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាបុគ្គលិក ផ្នែកអនាម័យកាស៊ីណូក្រោណម្នាក់ បានស្លាប់ បែកក្បាលហូរឈាម ក្រោមម៉ូតូគួរឲ្យញាក់សាច់ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈដែលមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករមិនប្រកាន់ស្ដាំបុកបញ្ច្រាសគ្នាជាមួយម៉ូតូពេញទំហឹង កាលពីថ្ងៃ សុក្រ ២រោច ខែផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១១:៣០ នាទីយប់ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៩ និង១៣០ ស្ថិតក្នុងភូមិ ថ្មី សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះអ៊ុក វេត ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកផ្នែកអនាម័យកាសុីណូក្រោន រស់នៅភូមិ ស្វាយប៉ោ ឃុំ ត្រពាំងស្ដៅ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M ៧២១៦ ខូចខាតទាំងស្រុង ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយឃើញសភាពការណ៍ មិនស្រួល ក៏បានរត់គេចខ្លួនភ្លាមៗ បន្សល់តែរថយន្តពណ៌ ស ពាក់ស្លាកលេខ សៀមរាប ៣A ០៤១៣នៅ និងកន្លែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M ៧២១៦ ធ្វើដំណើរពីកើតទៅលិច ដោយបានពាក់មួកសុវត្ថិភាព ខណៈនោះស្រាប់តែមានរថយន្ដដឹកអ្នកដំណើរមួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ សៀមរាប ៣A ០៤១៣ ធ្វើដំណើរលិចទៅកើត ទិសដៅបញ្ច្រាសគ្នាដោយបើកមិនប្រកាន់ស្ដាំ ក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ខែចែត្របង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចបានមកដល់វាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង មករក្នៅទុកនៅការិយាល័យនគរបាលចាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់ ។

ចំណែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖