ព័ត៌មានទាន់ហេតុការណ៍៖

ចោរអស់លក្ខណ៍២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះបានសម្រេច ហើយត្រូវជនរងគ្រោះរួមជាមួយប្រជាពលរដ្ឋជួយដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៣៦០នៅចំណុចម្តុំលូទឹកស្អុយ ស្ថិតនៅក្នុង សង្កាត់ បឹងកេងកង២ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្នា៤នាក់ ស្រី៣នាក់ និងប្រុសម្នាក់ម៉ូតូម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ ទើបតែចេញមកពីញ្ញាំអីនៅម្តុំក្រោយវាំងរួចបំណងទៅផ្ទះ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GM-6582 បានជិះមកជិតរួចធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ បានសម្រេចហើយ ជិះរត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះដែរ ជនរងគ្រោះបានទំលាក់ស្រីៗ៣នាក់ ចុះរួចបានដេញជនសង្ស័យរហូតទៅដល់ចំណុចបុរីអង្គរ ក្នុងបុរីកាំកូ ហើយបានប្រជាពលរដ្ឋនាំគ្នាជួយដេញ ទើបក្របួចជាប់ទាំង២នាក់ យកទៅសួរនាំហើយជនសង្ស័យ ក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចខ្លួនពិតជាបានឆក់កាបូបរបស់ជនរងគ្រោះពិតមែន នៅក្នុងកាបូបមានលុយមួយចំនួន និងទូរស័ព្ទដៃមួយគ្រឿង ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកេងកង ២ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាចាត់ការទៅតាមផ្លូវច្បាប់៕ ធឿនព្រែកជ័យ


ចែករំលែក៖