ខេត្តស្ទឹងត្រែង៖ បុរសពីរអ្នកឪ កូន បាននាំគ្នាចូលព្រៃ ទៅអារឈើធ្វើផ្ទះ ព្រោះតែជីវភាពក្រីក្រខ្វះជម្រក ទើបធ្វើឲ្យមែកឈើបាក់សង្កត់ឪពុកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ៤និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរគុំ ភូមិវ៉ើនសៀន ឃុំអូស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកហម សាវួន មេប៉ុស្តិ៍ឃុំអូស្វាយ បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមីនាថាៈ ជនរងគ្រោះទៅកាត់ឈើធ្វើផ្ទះ ចៃដន្យ ត្រូវឈើនោះរលំ តែទាក់វល្លិ៍ទៅជាប់មែកឈើផ្សេងទៀត ទើបធ្វើឲ្យមែកឈើនោះ បាក់ធ្លាក់ចំពីលើស្លាប់ភ្លាមៗ។
ជនរងគ្រោះឈ្មោះសូម ខែម ភេទប្រុស អាយុ៣៨ឆ្នាំ ។ រីឯកូនឈ្មោះ ខែម ប៊ូថង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ច ធ្វើកោសល្យវិច័យ ឃើញថា ពិតជាស្លាប់ដោយសារមែកឈើ បាក់សង្កត់ពិតមែន រួចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ៕ មាស សុផាត