ខេត្តកំពង់ចាម ៖ អំពើឃាតកម្មមួយបានកើតឡើង ដោយទំនាស់ពាក្យសម្ដីលាយឡំសេចក្តីប្រច័ណ្ឌ ធ្វើឲ្យបុរសជាប្តីទ្រាំ ទប់កំហឹងមិនបាន ៗយក ដំបងឈើវាយសំពងប្រពន្ធ បណ្តាលឲ្យរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង រហូតដល់ស្លាប់ ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាប្តីបានរត់គេចខ្លួនពីផ្ទះ ។
ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងជំនាញ ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក ចំការលើដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍ជយោ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ បញ្ជាក់ថាពិតជាមានករណីឃាតកម្ម នៅចំណុចខាងលើ ដែលប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ច្រិច ដន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ (ជាប្តី) នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ បានយក ដំបងឈើ វាយទៅលើជនរងគ្រោះ(ជាប្រពន្ធ) ឈ្មោះចន ថា អាយុ៣៨ឆ្នាំ ជាតិខ្មែរ បណ្តាលឲ្យរបួសក្បាល និងដងខ្លួនជាច្រើនកន្លែង រហូតដល់ស្លាប់។
តាមការបញ្ជាក់ពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ឃុត ផុន ភេទស្រី អាយុ៧៧ឆ្នាំ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើមានករណីឃាតកម្មកើតឡើង។
លោកអនុសេនីយ៍ឯក ម៉ួង ម៉ង់ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជយោឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង២០ និង០០នាទីថ្ងៃដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចលើផ្លូវខេត្តលេខ២២២ ក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ បន្ទាប់មកយើងបាននាំជន សង្ស័យខាលើមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ វណ្ណៈ