ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ទំនងជា​ស្រវឹង​ស្រា ​បើក​រថយន្ត​លឿន មកដល់​ផ្លូវ​បំបែក​ ជ្រុលចង្កូតទៅបុក​ចូល​សំយ៉ាបផ្ទះ​ប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ម្នាក់ទំនងជា​ស្រវឹង​ស្រា​បើក​រថយន្ត​លឿន មកដល់​ផ្លូវ​បំបែក​ជ្រុចង្កូតទៅបុក​ចូល​សំយ៉ាបផ្ទះ​ប្រជាពលរដ្ឋ​ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោងរំលង​អធ្រាត្រ​ ឈានចូលថ្ងៃ​ ច័ន្ទ ទី២៥ ខែមីនា​ ឆ្នាំ​២០១៩​ តាមបណ្ដោយ​ផ្លូវលេខ​៣៤៩ កែងនឹង​ផ្លូវលេខ៣៥១​ ​ខាងក្រោយ​សាលាអន្តរជាតិ​ប៊ែលធី​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿងម៉ាក​ តូយូតា​ព្រូស​ ពណ៌​ខៀវ​ខ្ចី​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AV-8616 ទំនងជាស្រវឹងស្រាបានបើក​តាមបណ្ដោយ​ផ្លូវលេខ​៣៤៩ក្នុង​ ទិសដៅ​ពី​កើត​ទៅ​លិច​ ​យ៉ាង​លឿន​ ។

ខណៈមកដល់​ចំណុច​កើតហេតុ​ដែលជាផ្លូវបំបែកច្រមុះជ្រូក​ ស្រាប់​តែ​រថយន្ត​បាន​បួងចង្កូត​ជ្រុល​​ទៅ​បុក​សំយ៉ាបផ្ទះ​​ ដែល​សង់​ពី​ឈើប្រកស័ង្កសី​ទំហំ​ប្រមាណ​៤ម៉ែត្រ​គុណ​នឹង​២ម៉ែត្រ​ ​សម្រាប់​ទុក​សម្ភារប្រើប្រាស់​ដូច​ចានឆ្នាំង​ និងរទេះ​ដាក់ម្ហូប​សម្រាប់​យកទៅ​លក់​នៅ​ខាងមុខ​រោងចក្រ​ បណ្តាលឲ្យ​បាក់​ស្រុត​ធ្លាក់​មកក្រោម​រងការខូចខាត​ស្ទើរតែទាំង​ស្រុង​ ចំណែកឯ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ក្រពឹត​កាង​ខាងមុខ​ និង​ឆ្កូត​ថ្នាំ​បន្តិចបន្តួច​ ប៉ុន្តែ​មិនបង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ ។

បន្ទាប់ពីកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយក៏មាន​តំណាង​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចេញ​មុខ​មក​​ដោះ​ស្រាយ​ជា​មួយ​នឹងភាគី​ម្ចាស់​ផ្ទះ​ សម្របសម្រួល​ដោះស្រាយ​គ្នា​ដោយ​ភាគី​​រថយន្ត​បានចេញ​សំណង​ចំនួន​៦០០ដុល្លារ​ឲ្យ​ទៅ​ភាគី​ម្ចាស់​ផ្ទះ​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖