ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការរិះគន់ ប្រធានសមាគមទូរទស្សន៍កម្ពុជា ចេញមុខសុំទោស សិល្បករ

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានលេចចេញការរិះគន់ និងការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗ ពីសំណាក់សិល្បករមួយចំនួន ចំពោះអ្នករៀបចំផលិតកម្មវិធីអបអរចូលឆ្នាំខ្មែរ ដែលរៀបចំផលិតដោយសមាគមទូរទស្សន៍កម្ពុជា ។ ក្រោយការរិះគន់ និងថ្នាំងថ្នាក់ចិត្តនេះដែរ ប្រធានសមាគមទូរទស្សន៍កម្ពុជា លោក ម៉ៅ អាយុទ្ធ បានចេញមុខសុំទោសសម្រាប់កំហុសឆ្គងមួយនេះ ដែលកើតឡើងពីការត្រួតពិនិត្យមិនបានដិតដល់ ។

ការថតទុកកម្មវិធីទូរទស្សន៍ខាងលើ ដែលផលិតដោយសមាគមទូរទស្សន៍កម្ពុជាត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមីនា កន្លងទៅដោយ ស្ថានីយទូរទ្សន៍ PNN ធ្វើជាម្ចាស់ផ្ទះសម្រាប់ការថតដោយមានវត្តមានសិល្បករជាច្រើនរយនាក់ចូលរួម ។ ក្រោយការចូលរួមមានការថ្នាំងថ្នាក់អំពីការរៀបចំចាត់ចែងសិល្បករឡើងរាំច្រៀងលើឆាកតន្ត្រីដោយមានសិល្បករមួយចំនួនបានលើកឡើងថា អ្នករៀបចំសិល្បករដែលជាជំនួយការ លោក ម៉ៅ អាយុទ្ធ ឈ្មោះ កុល សុភោ បានរើសអើង បែងចែកបក្ខពួក និងមិនយកចិត្តទុកដាក់ គ្រាដែលសិល្បករទាំងអស់ធ្វើដំណើរទៅថតដោយមិនទទួលបានថវិកា ។ សិល្បករ ដែលចេញមុខរិះគន់អ្នកកាន់ការងារផលិតនេះមានដូចជា លោក ម៉ាដូណា លោក គន់ រៀមរតនៈ ខណៈដែលសិល្បករ និងផលិតករមួយចំនួនទៀតមិនចេញមុខបានត្រឹមតែដើរចេញដោយការខកចិត្តខ្លាំង ។

ប្រធានសមាគមទូរទ្សសន៍កម្ពុជា លោក ម៉ៅ អាយុទ្ធលើកឡើងថា លោកពិតជាមិនដឹងថា មានបញ្ហាអន់ចិត្តគ្នា នៅពេលនោះទេ ដោយសារតែលោកកំពុងស្ថិតកន្លែងបច្ចេកទេស គ្រប់គ្រងប្លង់ថត ដែលជាកំហុសរបស់លោក មិនបានមើលដិតដល់សម្រាប់ក្រុមតារាៗទាំងអស់ ។ ជាមួយគ្នានេះ លោកបានសុំទោសដល់សិល្បករ ទាំងអស់ ដែលខិតខំមកចូលរួមថត ។ ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកសិល្បៈទាំងអស់មេត្តាចេះស្រឡាញ់រាប់អានគ្នា និង យោគយល់គ្នា ហើយបើមានបញ្ហាណាមួយ សូមករាយការណ៍ដល់លោកផ្ទាល់ ប្រសើរជាជាងធ្វើការខឹងសម្បារប្រតិកម្មបង្ហោះលើហ្វេសប៊ុក ។

គួរបញ្ជាក់ដែរថា ប៉ុន្មានម៉ោងក្រោយពីការថតទុក នៃការច្រៀងរាំលេងកម្សាន្តរបស់សិល្បករ គេឃើញ មានទាំងតារាកំប្លែង តារាសម្តែង ក្រុមផលិតករ នៃកម្មវិធីទូរទស្សន៍ផ្សេងទៀតៗ មានការប្រតិកម្មចំពោះលោក កុល សុភោ ដែលដឹកនាំការងារប្រកាន់បក្ខពួក និង ជាពិសេសរៀបចំពេលវេលា តួៗនៃទូរទស្សន៍នីមួយមិនមានតម្លាភាព បង្កការផ្ទុះរឿងអាក់អន់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ៕ វឌ្ឍនា


ចែករំលែក៖