ព័ត៌មានទាន់ហេតុការណ៍៖

រត់រុឺម៉កកង់បីឥណ្ឌាមិនកាក់កប ជួញដូរគ្រឿងញៀនបន្ថែម តែចំថ្ងៃស៊យ ត្រូវប៉ូលិសប៉ុស្តិ៍ព្រៃស ចាប់វាយខ្នោះ រកឃើញថ្នាំញៀន១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ចាប់វាយខ្នោះក្រោយពេលឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់ធំ ដែលលាក់ទុកក្នុងហោប៉ាវខោ បើក passapp(រុឺម៉កកង់បីឥណ្ឌា) បំរុងយកទៅចែកចាយឲ្យម៉ូយ ។

ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ឃាត់ខ្លួននៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលសមត្ថកិច្ចកំពុងល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះកាន ម៉ារីន អាយុ៣០ឆ្នាំ មុខរបររត់រុឺម៉កកង់បីឥណ្ឌា(passapp) ស្នាក់នៅការដ្ឋានបុរីពិភពថ្មីចំការដូង ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតថ្នាំញៀន១កញ្ចប់ធំ រុឺម៉កកង់បី១គ្រឿង ទូរសព្ទ័ដៃចំនួន៣គ្រឿង ខ្សែក និងខ្សែដៃ ក្លែងក្លាយចំនួន២ខ្សែ ។

បន្ទាប់មក សមត្ថកិច្ចជំនាញ ក៏បាននាំខ្លួនជនសង្ស័យខាងលើទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាថ្នាំញៀនខាងលើរូបគេបានទិញមកពីជនសង្ស័យម្នាក់ទៀត ទុកយកមកចែកចាយឲ្យក្រុមជាងសំណង់ក្នុងការដ្ឋានបុរីពិភពថ្មី។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖