ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង នឹងអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោ ក្នុងករណីរកឃើញថា អាជ្ញាធរណា ដែលបណ្តែតបណ្តោយឲ្យឈ្មួញទុច្ចរិតដឹកជ្រូកខុសច្បាប់ពីប្រទេសវៀតណាមចូលមកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា នឹងអនុវត្តអភិក្រមទី៥ របស់សម្តេចតេជោ ក្នុងករណីររកឃើញថា អាជ្ញាធរណា ដែលបណ្តែតបណ្តោយឲ្យឈ្មួញទុច្ចរិត ដឹកជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកខេត្តស្វាយរៀង ។

ការថ្លែងបែបនេះ បានធ្វើឡើងកាលពីថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងាត្រីមាសទី២ ឆ្នាំ២០១៩។

លោកក៏បានផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

១-ត្រូវចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះបញ្ហាឈ្មួញទុច្ចរិត លួចដឹកជ្រូកចូលមកតាមច្រកនានាពីប្រទេសវៀតណាម។ ក្នុងករណីមានការលួចដឹកជ្រូកចូលតាមច្រកណាមួយ ហើយមិនបានអនុវត្តន៍ ចាត់វិធានការទៅលើឈ្មួញទុច្ចរិតទាំងនោះ ប្រធានវីរះព្រំដែន ឫអ្នកកាន់នៅតំបន់នោះ និងត្រូវទទួលនូវ វិន័យអភិក្រម ទី៥របស់ប្រមុខនៃរាជរដ្ឋាភិបាល។

២-ត្រូវរៀបចំតុបតែងលាបថ្នាំ សម្អាតទីធ្លាកន្លែងធ្វើការ កែលម្អភ្លើង បំភ្លឺសារណៈ និងតុបតែងភ្លើងលម្អ នៅតាមបណ្តាមន្ទីរ-អង្គភាពរៀងៗខ្លួនមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់។

២-មន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តត្រូវរៀបចំឈួសឆាយ ក្រាលខ្សាច់ភ្នំ ស្រោចទឹក តាមបណ្តោយ ច្រាំងទន្លេវៃគោ និងកែសម្រួលផ្លូវវាងខាងក្រោមស្ពានតាហោ ដោយរៀបចំឲ្យមានរនាំងការពារសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍ និងដាក់ភ្លើងបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើឆ្លងកាត់ទៅមក នា ឱកាសបុណ្យចូលឆ្នាំថ្មី និងចូលរួមពិធីសង្រ្កាន្តស្វាយរៀងនាពេលខាងមុខ។

៣- អាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ខិតខំអប់រំផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងបង្ការគ្រោះអគ្គីភ័យ ដែលបង្ករឡើងនៅក្នុងរដូវប្រាំងខាងមុខ នេះដូចជា ភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងធូប ទៀន ការដុតសម្រាម ចំការ វាលស្រែ ការឆ្លងចរន្តអគ្គិសនី និងគ្រឿងឆេះផ្សេងៗ ដែលនាំឲ្យមានគ្រោះអគ្គីភ័យជាដើម។

៤-ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្រូវមានវិធានការទប់ស្កាត់ និង អន្តរាគមន៍ឲ្យបានទាន់ពេលវេលាក្នុងករណីមានអគ្គីភ័យកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

៥-ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំឲ្យមានវេនប្រចាំការ និងផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជួយសម្រួលចរាចរណ៍គ្រប់ទីកន្លែង និងបង្ករលក្ខណៈ ល្អប្រសើរ តាមមណ្ឌលកម្សាន្ត តាមរមណីដ្ឋាននានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក ម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

៦-មន្ទីរពាក់ព័ន្ធត្រូវចាត់តាំងឲ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ និងទប់ស្កាត់ឲ្យបាននូវល្បែង ណាដែលប្រាសចាកនឹងច្បាប់ និងខុសប្រពៃណីជាតិ។

៧-ពង្រឹងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ តាមបណ្តាច្រករបៀង និងកុំឲ្យមានទំនិញខុសច្បាប់គ្រប់ប្រភេទ ឆ្លងកាត់រួមទាំងជនអន្តោប្រវេសន៍។

៨-គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹត បន្តឹងការអនុវត្តច្បាប់ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី។

៩-កងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវរក្សាការពារសុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់សារណៈនៅតាម វត្តអារាម្យកន្លែងកម្សាន្តនានានៅមូលដ្ឋាន ដើម្បីលក្ខណៈភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែលមក កម្សាន្ត និងជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខផងដែរ ៕ យឹម​សុថាន


ចែករំលែក៖