ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ មានភាពលំអៀង

ចែករំលែក៖

ភ្នំពេញ៖ នាពេលបច្ចុប្បន្ន អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអភិបាលខណ្ឌទាំង១២ ចុះណែនាំក្រុមអាជីវកលក់ដូរតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១២ខណ្ឌ មិនឲ្យរំលោភលើចិញ្ជើមផ្លូវលើស១ភាគ៣នៃចិញ្ជើមផ្លូវឡើយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាទុកចិញ្ជើមផ្លូវសម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ ។

ជាក់ស្ដែងនៅផ្ទះផ្ញើម៉ូតូ ចំណុចកែងផ្លូវ១៦៤ និងផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទទួលផ្ញើម៉ូតូ២៤ម៉ោង បានដាក់ចតម៉ូតូ លើផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំណត់សម្រាបអ្នកថ្មើរជើង ជនពិការធ្វើដំណើរ ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងកន្លែងផ្ញើរថយន្ត និងម៉ូតូ ខាងលើនេះ ជាទីតាំងរបស់ប្រជាការពារខណ្ឌ៧មករា ដែលប្រកបអាជីវកម្មទទួលផ្ញើ រថយន្តម៉ូតូ មិនចូលរួមសហការ រំលោភលើចិញ្ជើផ្លូវ ដូច្នះរាល់ពេលដែលគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ម្តងៗ គឺធ្វើតែកន្លែងណា ដែលប្រជាពលរដ្ឋយើងចតរថយន្ត និងចតម៉ូតូនៅតាមដងផ្លូវ និងនៅតាមផ្ទះប្រជាពលរដ្ឋដែលដាក់លក់អីវ៉ាន់នៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ តែបើនៅ ទីតាំង ផ្ទះផ្ញើម៉ូតូ ចំណុចកែងផ្លូវ១៦៤ និងផ្លូវ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា នោះ គឺខាងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា មិនហ៊ានរៀបចំ ដេញរឺស្ទូចរថយន្តនៅកន្លែងផ្ញើ ឬក៏ចាប់ម៉ូតូលើកដាក់រថយន្តនោះទេ។

ចុងក្រោយប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចសាលារាជធានីភ្នំពេញ ជួយមានវិធានការ លើបញ្ហានេះផង ព្រោះរាល់ការធ្វើដំណើរពួកគាត់ឆ្លងកាត់តាមបណ្តោយផ្លូវជុំវិញទីតាំងនេះ ធ្វើឲ្យមានកាកកស្ទះ និងខាតពេលវេលា ដោយសារអាជ្ញាធរគ្មានវិធានការ៕


ចែករំលែក៖