ព័ត៌មានទាន់ហេតុការណ៍៖

មេភូមិទឹកថ្លា សង្កាត់ប៉ៃលិនកំពុងឈឺក្បាលជនអនាមិកនាំគ្នាយកសំរាមទៅបោះចោលលើចិញ្ចើមផ្លូវ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សំរាមជាច្រើនគំនរ បង្កជាក្លិនស្អុយជាខ្លាំង ក្នុងនោះមានសំបក ពងមាន់ ពងទា កាកសំណល់ផ្ទះបាយ ស្រកាត្រី សំបកផ្លែឈើ សំបកថង់ សំណល់កញ្ចប់អាហារចម្រុះពណ៌ ត្រូវបានគេដឹកយកទៅបោះចោលយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ រហូតដល់ថ្នាក់លោកមេភូមិចុះហាមឃាត់គេលែងស្តាប់ និងធ្លាប់លើកក្នុងអង្គប្រជុំជាញឹកញយ តែគ្មានប្រសិទ្ធភាព ពោលគឺអត់មានអ្នកយកចិត្តទុកដាក់ទប់ស្កាត់នោះទេ ។

ការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នេះ ស្ថិតនៅលើចិញ្ចើមផ្លូវលំមួយកន្លែងក្បែរផ្ទះមេភូមិ ទឹកថ្លា និងផ្ទះលោកអភិបាលក្រុងប៉ៃលិន ខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

បើតាមសម្តីរៀបរាប់របស់លោក នាង មាឃ មេភូមិទឹកថ្លា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ មានជនអនាមិកមួយចំនួន រស់នៅក្នុងក្រុងប៉ៃលិន បាននាំគ្នាយកសំរាមកាកសំណ ល់ទៅបោះចោលនៅលើចិញ្ចើមផ្លូវលំផ្លូវទៅផ្ទះរបស់លោកជាយូរឆ្នាំមកហើយ ដោយដំបូងឡើយ បោះចោលនៅផ្នែកខាងលើ លុះខាងលោកសង្កេតឃើញគំនរសំរាមច្រើនពេក បង្កឲ្យទៅជាក្លិនស្អុយអសោច ក៏ឈូសឆាយឲ្យស្រឡះ ដើម្បីមិនឲ្យពួកគេទាំងនោះបោះចោលបន្តទៀត ។

លោកមេភូមិ បានបន្តទៀតថា ប៉ុន្តែពួកគេទាំងនោះ មិនបានបញ្ឈប់សកម្មភាពបោះចោលសំរាមអនាធិបតេយ្យ នោះឡើយ គឺកាន់តែនាំគ្នាបោះខិតចុះទៅក្រោមជិតដល់ផ្ទះរបស់លោកថែមទៀត ពោលគឺសល់តែប្រហែល៣០ទៅ៤០ម៉ែត្រ ពីគំនរសំរាមប៉ុណ្ណោះ ។

លោកបញ្ជាក់ថា ពេលសំរាមទាំងនោះក្លាយទៅជាស្អុយរលួយ ពេលខ្យល់បក់មកពីទិសខាងលិចម្តងៗ បណ្តាលឲ្យជះក្លិនស្អុយស្ទើរដកដង្ហើមមិនរួច ហើយខាងលោកធ្លាប់លើកក្នុងអង្គប្រជុំជាញឹកញាប់ រហូតដល់ធ្វើឲ្យសង្កៀរត្រចៀកអ្នកដទៃ តែមិនមាន ចំណាត់ការពីថ្នាក់លើនោះឡើយ ហើយលោក ក៏ខ្ជិលនិយាយបន្តទៀត ទ្រាំជិះម៉ូតូឆ្លងកាត់ និងរស់នៅដកដង្ហើស្រូបយកក្លិនស្អុយទាំងនោះប៉ុណ្ណោះ ។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិបានខ្សឹបខ្សៀវគ្នានៅក្នុងហាងកាហ្វេឲ្យខាងសារព័ត៌មានដឹង ថា មិនគួរណាខាងអាជ្ញាធរក្រុងខេត្ត បណ្តែតបណ្តោយឲ្យគេយកសំរាមដែលជារបស់ស្អុយប៉ះពាល់សុខភាពយកទៅបោះចោលនៅលើចិញ្ចើផ្លូវក្នុងក្រុងប៉ៃលិនបែបនេះទាល់តែសោះ ។ គួរតែប្រមូលទុកមួយ កន្លែងរួចឲ្យរថយន្តដឹកសំរាមក្នុងក្រុងប៉ៃលិន យកទៅចាក់ចោលនៅទីលានចាក់សំរាម នោះទើបមិន ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ ឬអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឲ្យដឹងថា ខាងលោកអត់ដឹងថាខាងណាគេយកសំរាមទៅបោះចោលនៅទីនោះដែរ ហើយនៅពេលនេះ ខាងលោកកំពុងជាប់រវល់ប្រជុំ ។ លោកបន្តទៀតថា ចំពោះបញ្ហាចាក់ចោលសំរាមអនាធិបតេយ្យបង្កទៅជាក្លិន ស្អុយប៉ះពាល់ដល់បរិស្ថាននេះ ទាល់តែខាងក្រុងជាអ្នកមើលការខុសត្រូវ ព្រោះនៅជិតផ្ទះលោកអភិបាលក្រុងប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖