ភ្នំពេញ៖ កុមារាធឿន បុរីដែលគេដឹងថា មានទឹកដមសំនៀងក្រអួនប្លែក មិនចាញ់សិល្បករជើងចាស់នោះ ហាក់ទទួលបានការចាប់អារម្មណ៍ជាថ្មី ក្រោយពីអ្នកចម្រៀងវ័យក្មេងរូបនេះ បញ្ចេញស្នាដៃបទចម្រៀងថ្មីៗ បន្ទាប់ពីបោះជំហ៊ានចូលច្រៀងសម្រាប់ផលិតកម្ម Galaxy ។ បទមរតកដើមគឺបទ កុំនឹកគេអី ដែលតារាចម្រៀងរូបនេះ លើកយកមកច្រៀងបានធ្វើឲ្យទស្សនិកជនកាន់តែចាប់អារម្មណ៍ ស្របពេលនឹងឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកៀកកិតជិតដល់នោះ ។
យ៉ាងហោចណាស់ ធឿន បុរី បានច្រៀងបទចម្រៀង២បទរួចមកហើយក្នុងផលិតកម្មរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលទើបនឹងប្រកាសបើកដំណើរការជាថ្មី ដែលមួយបទទៀតក៏ជាបទចម្រៀងមរតកដើមដែលច្រៀងរួមគ្នាជាមួយកុមារីសំនៀងពិរោះ អ៊ុក សុវណ្ណារី គឺបទ ផ្កាអ្វី? ។
បទចម្រៀង “កុំនឹកគេអី” ត្រូវបានគេនិយមស្តាប់ស្ទើរគ្រាប់ទីកន្លែង ពិសេសកន្លែងបំពេញការងារនានារបស់កម្មករ និយោជិក និងស្តាប់លេងកម្សាន្តក្រោយសម្រាកពីការងារប្រចាំថ្ងៃ។ ទស្សនិកជនសរសើរមិនដាច់ពីមាត់អំពីទេពកោសល្យច្រៀង និងការលើកដាក់សំឡេងរបស់តារាចម្រៀងវ័យ១៣ឆ្នាំរូបនេះថាមិនចាញ់សិល្បករជើងចាស់នោះទេ ហើយថែមទាំងអាចឆក់បានអារម្មណ៍ អ្នកស្តាប់ឲ្យអណ្តែតអណ្តូងតាមអត្ថន័យនៃបទចម្រៀង និងបទភ្លេងចង្វាក់ប្រជាប្រិយខ្មែរចង្វាក់សារ៉ាវ៉ាន់ផងដែរ។
នៅលើបណ្តាញសង្គម Face Book និង គណនី Youtube មួយចំនួន បទចម្រៀងមួយនេះ ត្រូវបានគេចូលស្តាប់រាប់លានដង ដែលបង្ហាញពីការគាំទ្រទឹកដមសំនៀងរបស់កុមារារូបនេះ ។ បទចម្រៀងដ៏ល្បីល្បាញនេះត្រូវបានគេដឹងថា ជាការនិពន្ធទំនុកច្រៀងបទភ្លេង និងច្រៀងដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ហើយបទនេះទទួលបានការពេញនិយមច្រើនរាប់ទសវត្សរ៍មកហើយ។
គួរបញ្ជាក់ដែរថា កុមារាធឿន បុរី ត្រូវបានមហាជនស្គាល់ច្រើនកាលពីអំឡុង២ឆ្នាំមុនក្រោយពីកុមារាមកពីខេត្តកំពង់ចាមរូបនេះ បានច្រៀងបទចម្រៀងមួយចំនួនក្នុងថ្នាក់រៀន ហើយត្រូវបានគេយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក រហូតអ្នកផលិតកម្មវិធីទូរទស្សន៍មួយចំនួនអញ្ជើញជាតារាចម្រៀងតាមកញ្ចក់ទូរទស្សន៍។ មានបងប្អូនពីរនាក់(ប្រុស២នាក់) ធឿន បុរីគឺជាកូនច្បងដែលម្តាយឪពុកជាកសិករ និងមានអាជីពលាងម៉ូតូសម្រាប់ចិញ្ចឹមក្រពះ។
បទចម្រៀងដែលធឿន បុរី និយមចូលចិត្តច្រៀងគឺបទចម្រៀងដែលជាសំនៀងដើមរបស់លោក កែវ សារ៉ាត់ និងមួយចំនួនទៀតរបស់តារាចម្រៀងខេម៕ វឌ្ឍនា