ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង Original Song ខាន់ វិចិត្រទូ គ្រោះថ្នាក់ចរាចរណ៍បាក់ជើងខ្វះថវិកាដើម្បីវះកាត់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងម្ចាស់បទ មាននិស្ស័យតែគ្មានវាសនា ខាន់ វិចិត្រទូ បានជួប​គ្រោះថ្នាក់ចរាចរណ៍កាលពីរាត្រីថ្ងៃទី២៦ខែមីនានេះ ដែលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបាក់ជើងខាងស្តាំ ។ គ្រោះថ្នាក់នេះបានក្លាយជាបន្ទុកធ្ងន់ សម្រាប់គ្រួសាដែលកំពុងខ្វះខាតលើជីវភាព ខណៈដែលស្ថានភាពជំងឺត្រូវវះកាត់បន្ទាន់ថែមទៀត។

ខាន់ វិចិត្រទូ ត្រូវបានយុវវ័យស្គាល់ច្រើនតាមរយៈស្នាដៃបទចម្រៀងមួយចំនួន ក្រៅពីនេះតារាចម្រៀងវ័យក្មេងស្លូតបូតរូបនេះធ្លាប់លេចមុខក្នុងកម្មវិធីច្រៀងស្ម័គ្រចិត្ត និងការចុះចែកអំណោយមួយចំនួនកាលពីពេលកន្លងមក។ ជាអកុសល អាណិត និងសោកស្តាយសម្រាប់តារាចម្រៀងរូបនេះព្រោះតែមកជួបនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ខែមីនានេះខណៈដែលខ្លួនបានជិះម៉ូតូលើមហាវិថីសុធារស ជិតផ្សាររាត្រីនោះក៏ត្រូវបានម៉ូតូកង់បីជិះបុកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងររហូតបាក់ជើងខាងស្តាំ និងត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

តាមការបញ្ជាក់ពីមិត្តភ័ក្កិជិតដិតដែលទៅមើលថែតារាវ័យក្មេងនេះនៅមន្ទីរពេទ្យបានបញ្ជាក់ថា ខាន់ វិចិត្រទូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅឡើយ ហើយត្រូវការការវះកាត់ជាបន្ទាន់ ខណៈដែលក្រុមគ្រួសារមានការខ្វះខាតច្រើន។ ប្រភពថា វិចិត្រទូ មានម្តាយជាអ្នកអនាម័យនៅវិទ្យាស្ថានPSE ខណៈដែលឪពុកជាជាងភ្លើងនៅ Kid City និងត្រូវរ៉ាវរងការចំណាយច្រើននៅក្នុងគ្រួសារ។ ប្រភពបន្តថាដោយខ្វះខាតម្តាយតារាចម្រៀងរូបនេះត្រូវបង្ខំចិត្តយកម៉ូតូដែលតារារូបនេះជិះ និងជាទ្រព្យមានតម្លៃប្រចាំគ្រួសារយកទៅបញ្ចាំដើម្បីយកប្រាក់មកបង់ថ្លៃវះកាត់ជើងដែលបាក់នោះ។ ក្រោយទទួលបានដំណឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរមិត្តភ័ក្កិក្នុង និងក្រៅសិល្បៈមួយចំនួនបានទៅសួរសុខទុក្ខ និងកំពុងស្វះស្វែងរៃលុយកាក់ខ្លះៗដើម្បីជួយសម្រួលដល់ការសម្រាកព្យាបាលជំងឺតារាចម្រៀងរូបនេះបាន។

នៅលើគណនីយហ្វេសប៊ុករបស់តារាចម្រៀងរូបនេះវិញក៏បានប្រកាសដែរថា​លោកពិតជាខកចិត្ត និងសោកស្តាយដែលមិនអាចចេញច្រៀងតាមការគ្រោងទុកបាន។ លោកសុំធ្វើការលុបចោលការចេញច្រៀងស្ម័គ្រចិត្តនៅសង្ក្រាន្តតាមបណ្តាវិទ្យាល័យនានានៅរាជធានីភ្នំពេញនៅអំឡុងដើមខែមេសានេះ ព្រោះតែលោកបានជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងមិនអាចចេញទៅច្រៀងតាមការគ្រោងទុកបាន៕ វឌ្ឍនា


ចែករំលែក៖