ភ្នំពេញ៖ ចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា នឹងប្រទេសឡាវ ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរមិនមានការព្រួយបារម្ភ ទៅលើបញ្ហាសង្រ្គាមនៅតាមព្រំដែន ទៀតនោះទេ ដោយសារតែមេដឹកនាំនៃប្រទេសទាំងពីរ មានភាព ឈ្លាសវៃ ក្នុងការដឹកនាំ ពិសេសគឺការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជា ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈ លោកទទួលជួប សម្តែងការគួរសមជាមួយលោកអេម ផាយគីនដាវង្ស ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា កាលពីថ្ងៃពុធ០៧កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២៧ ខែមីនាឆ្នាំ២០១៩នៅ សាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសជំនួបសម្តែងការគួរ សមនោះ បានបញ្ជាក់ថា៖ ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជាឡាវ ដែលមានភូមិផងរបង ជាមួយគ្នាជាយូរលង់ណាស់ មកហើយ។ ទីក្រុង ភ្នំពេញ និងទីក្រុងវៀងច័ន្ទបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាក្នុងឆ្នាំ២០១៤ ដើម្បីអោយទីក្រុងទាំងពីរក៏ដូចជាប្រទេសទាំងពីរ មានកិច្ចប្រតិបត្តិការរវាងគ្នាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។
លោកឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ។ ទន្ទឹមនឹងនោះលោក ក៏បានលើកឡើងពីភាពអសកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដូចជាបញ្ហាប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បញ្ហាសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើការដោះស្រាយ។ អ្វីដែលជាការប្រសើរមួយទៀត នោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ យើងបាននិងកំពុងដាក់ ឲ្យ ដំណើរការ ច្រកចេញចូលតែមួយដើម្បីបម្រើសេវាសា ធារណៈជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
លោក ឃួង ស្រេង តាមរយៈលោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សូមអញ្ជើញ អភិបាលទីក្រុងវៀងច័ន្ទមកទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅពេលដ៏សមគួរមួយ។
លោក អេម ផាយគីនដាវង្ស បានមានប្រសាសន៍លើកឡើងថា៖ រវាងប្រទេសកម្ពុជានិងប្រទេសឡាវគឺពិតជាមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ដោយសារតែប្រទេសយើងជាប្រទេសដែលនៅជិតខាងនឹងគ្នា លោកចង់ឲ្យទំនាក់ទំនងជិតស្និទ្ធនេះកាន់តែល្អបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកអេម ផាយគីនដាវង្ស ក៏បានសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញជួយ ជួយមើលថែ ដូចជាការពារសន្តិសុខ ដល់និស្សិត ក៏ដូចជាអ្នកវិនិយោគទុនឡាវដែលបាននិងកំពុងសិក្សានិងរកស៊ីនៅរាជធានីភ្នំពេញ ខណៈដែររាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ពិសេសក្នុងដំណាក់កាលចុងក្រោយនេះមានអគារខ្ពស់ៗរីកដូចផ្សិត ៕ សំរិត