ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើអត្តឃាតលើផ្ទះនគរបាលថាតូចចិត្តមានជំងឺក្រិនថ្លើម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកក្រគរ សហការចុះពិនិត្យ និងស្រាវជ្រាវ ករណីបុរសម្នាក់ ធ្វើអត្តឃាត បានសម្រេចនៅលើផ្ទះ ដែលគេសង្ស័យអាច បណ្ដាលមកពីមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ។

ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃពុធ ៧រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន ភួង ភេទប្រុស អាយុ ៧៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះមានប្រពន្ធ និងកូនប្រុសស្រីចំនួន ៨នាក់ ។

ប្រភពព័ត៌មានខាងលើបន្តថា ករណីនេះគេឃើញសមត្តកិច្ចពិសេសនគរបាល សហការចុះពិនិត្យ និងស្រាវជ្រាវដើម្បីស្រង់យកចម្លើយ ជនរងគ្រោះបានយកក្រមា ពណ៌ស ក្រហម ចងក ទៅនឹងផ្លានលើផ្ទះបណ្ដាលឲ្យស្លាប់ ហើយករណីនេះអាចបណ្ដាលមកពីអាក់អន់ចិត្តមានជំងឺរ៉ាំរ៉ៃប្រចាំកាយ (ក្រិនថ្លើម)។

ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖