ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងបើកបរម៉ូតូក្នុងល្បឿនលឿន ជែងគ្នាបណ្ដាលឲ្យដួលរងរបួសធ្ងន់ម្នាក់ឯង

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ បែកក្បាល ខណៈដែលរូបគាត់បានបើកបរម៉ូតូចេញពីកន្លែងផឹកស៊ី ជាមួយមិត្តភភក្តិនៅចុងភូមិភ្នំស្ពង់ រួចក៏បើកបរម៉ូតូជែងម៉ូតូមិត្តភក្តិនៅពីមុខបណ្ដាលឲ្យដួលធ្លាក់ចូលក្នុងប្រឡាយ រងរបួលធ្ងន់ ចូលពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ត្រូវថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលំក្រួសក្រហមនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបើកបរម៉ូតូក្នុងសភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន ដូលធ្លាក់ចូលប្រឡាយនោះ មានឈ្មោះមឹក រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញបុរសវ័យចំណាស់ម្នាក់ បានបើកបរម៉ូតូ មួយគ្រឿងម៉ាកសង់ ស៊េរី ២១០៥ ពណ៌ខ្មៅពាក់ ស្លាកលេខ បាត់ដំបង 1G0269 រីឯម៉ូតូខូចខាតអាវខាងមុខផ្នែកខាងស្ដាំ ។

ជនរងគ្រោះបើកបរចេញពីកន្លែងផឹកស៊ីជាមួយមិត្តភក្តិក្នុងទិសដៅពីជើងទៅត្បូង លើផ្លូវលំក្រួសក្រហម ក្នុងចំណុចផ្លូវក្បាលឡាន ភូមិភ្នំស្ពង់ ពេលមកដល់កន្លែងកើតហេតុ ក៏បើកបរម៉ូតូជែងម៉ូតូមិត្តភក្តិ នៅពីមុខបណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយ ដួលបោកក្បាលទៅនឹងថ្មបែកក្បាល រងរបួសតែម្ដង ចូលពេទ្យបង្អែកដោយខ្លួនឯង ។

បច្ចប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖