ខេត្តបាត់ដំបងៈ បើយោងតាមរបាយការណ៍ របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងឲ្យដឹងថា កម្លាំងនគរបាលផែនការងារ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការ នឹងកម្លំាងនគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅក្នុងក្រុងបាត់ដំបង ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆក់កាបូប និងទ្រព្យសម្បត្តិជនបរទេស ។
ជនសង្ស័យ ឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ សុគនិ្ទ ធិន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ ជនបរទេស ឈ្មោះJULIA GREBENSTIN ភេទស្រី អាយុ ៣០ឆ្នាំ ជាជនជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៩ និងឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរឈ្មោះ យ៉ន គឹមហ៊រ ភេទស្រីអាយុ១៩ឆ្នាំរស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង កាលពីថ្ងៃ២១ខែ មីនា ឆ្នាំ២០១៩ក្នុងក្រុងបាត់ដំបង។
សម្ភារ ភស្តុតាងដកហូត បានរួមមានៈ ម៉ូតូជិះធ្វេីសកម្មភាពចំនួន០១គ្រឿង, កុំព្យូទ័រចំនួន០១គ្រឿង, ម៉ាស៊ីននថតចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង និងលិខិតឆ្លងដែនចំនួន០១ច្បាប់ និងសម្ភារមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថានៅមានមុខសញ្ញាសេសសល់ផ្សេងទៀតក្នុងករណីឆក់ទ្រព្យសម្បត្តិ ដែលលោកកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោស ។
ជនស័ង្សយ និងវត្ថុតាងពាក់ព័ន្ឋកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕ សំ វិច្ឆិកា