ភ្នំពេញ៖ ក្រុមក្មេងទំនើងមួយក្រុម មានគ្នា៦ទៅ៧នាក់ ប្រដាប់ដោយដាវកែច្នៃ បានធ្វើសកម្មភាពដេញតាមកាប់យុវជនម្នាក់ជានិស្សិត យ៉ាងអនាធិបតេយ្យពេញផ្លូវ បណ្ដាលឲ្យជនរងគ្រោះរងរបួសដៃខាងឆ្វេងធ្ងន់ហូរឈាមប្រឡាក់ពេញដី សំណាងល្អជនរងគ្រោះភ័យបានរត់ចូលហាងលក់ខោអាវមួយកន្លែងឲ្យគេជួយទាន់ពេលវេលា ។ ចំណែកក្រុមជនដៃដល់ក្រោយកើតហេតុនាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកដាវកែច្នៃមួយដើមនៅកន្លែងកើតហេតុ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផែង សុខលីម ភេទប្រុស អាយុ ២០ឆ្នាំជានិស្សិត ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (រងរបួសរយះកំភួនដៃខាងឆ្វេងមួយដាវ) ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេមិនដឹងថា ភាគីទាំង២នេះមានរឿងអ្វីនោះទេគ្រាន់តែឃើញ មានក្មេងស្ទាវមួយក្រុមមានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣ទៅ៤គ្រឿង បានដេញតាមកាប់ជនរងគ្រោះ យ៉ាងអាណាធិបតេយ្យពេញផ្លូវដូចខ្សែរភាពយន្ថហុងកុង បណ្ដាលឲ្យជនរងគ្រោះរងរបួសរយះកំភួនដៃខាងឆ្វេង ចំមួយដាវ ។ ពេលនោះដោយសារតែជនរងគ្រោះភ័យពេក ក៏បានរត់ចូលទៅក្នុងហាងលក់ខោអាវមួយកន្លែង ឲ្យគេជួយធ្វើអន្តរាគមន៍និងគេចពីក្រុមជនដៃដល់ទាំងនោះ ឃើញដូច្នេះក្រុមជនដៃដល់ក៏ប្រញាប់ជិះម៉ូតូរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកដាវកែច្នៃមួយដើមនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ហើយបានដឹកបញ្ជូនតាមរ៉ឺម៉កម៉ូតូ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ។
ក្រោយកើតហេតុ គេឃើញឪពុកជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ក៏សូមណូមពរឲ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់ទាំងអស់នោះ ដែលបានធ្វើសកម្មភាពកាប់កូនប្រុសរបស់គាត់ឲ្យរបួសដៃធ្ងន់ធ្ងរ យកមកផ្តន្ទាទោសតាមច្បាប់ ៕ស រស្មី