ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍បានទទួលបណ្តឹងពីប្រជាពលលរដ្ឋតាមទូរសព្ទ័ថា មានជនវិកលចារិកម្នាក់ ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងវាយមកលើកម្លាំងប៉ុស្តិ៍ឃុំសូយោង រួចហើយយកម៉ូតូសមត្ថកិច្ចជិះយកទៅបាត់ ។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុង ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍បានចេញអន្តរាគមន៍ ជាបន្ទាន់ដឹកនាំដោយលោកអនុសេនីយ៍ ស៊ឹម ប៊ុនសាន នាយរងប៉ុស្តិ៍ ពេលទៅដល់កន្លែងកើតហេតុ ឃើញជននោះកំពុងវាយផ្ទះពលរដ្ឋ យើងបានឃាត់តែត្រូវជននោះវាយមកលើលោកស៊ឹម ប៊ុនសាន ចំលើចិញ្ចើមស្តាំមួយដំបងបណ្តាលឱ្យរបួល ជាទម្ងន់ ហើយជននោះ បានយកម៉ូតូសមត្ថកិច្ចជិះយកទៅបាត់។
ចំណែកលោកស៊ឹម ប៊ុសាន ដែលជាជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាំងគោក លុះព្រឹកឡើងម៉ោង៧និង២០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញម៉ូតូនៅមុខសាលាឃុំស្រឡៅ គឺដោយឃើញស្នាមដួលម៉ូតូ ។ លុះរហូតដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃដដែល សមត្ថកិច្ចបានរកឃើញមុខសញ្ញាឈ្មោះ ព្រីង ធឿន ភេទប្រុស អាយុ២៤ឆ្នាំ ដើរនៅភូមិសូយោង ដោយមានរបួសមុខ និងដងខ្លួន គ្រោះថ្នាក់ចរាចរ (ជិះម៉ូតូដួលដោយខ្លួនឯង) ហើយសមត្ថកិច្ចបានចាប់បញ្ជូនមកព្យាបាលនៅមណ្ឌុលសុខភាពឃុំទ្រៀល ៕ ប៊ុនរិទ្ធី