ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការខេត្ត សហការជាមួយកម្លាំងអធិការ ស្រុកលំផាត់ឃាត់ ខ្លួនពីបទមនុស្សឃាត ដោយសម្លាប់ប្រពន្ធរបស់ខ្លួន ខឹងនិយាយមិនស្តាប់ ជាច្រើនសារលើករឿងលក់គ្រាប់ចន្ទី ។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរាំពឿង ក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាឃាតកឈ្មោះ កិដិ អាយុ៣៦ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំខាងលើ ត្រូវជាប្តីជនរងគ្រោះ ។ ស្រ្តីរងគ្រោះឈ្មោះកែ ញូន អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ឃាតក ។ ប្តីកំណាចរូបនេះសម្លាប់ប្រពន្ធនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរាំងពឿង ក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិអុលធំ ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។
ក្រោយពីកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចាប់ខ្លួនហើយនោះ ជនសង្ស័យសារភាពថា គេពិតជាអ្នកសម្លាប់ប្រពន្ធរបស់ខ្លួនមែន ដោយសារតែខឹងនិយាយជាច្រើនសារ មិនស្ដាប់រឿងលក់គ្រាប់ស្វាយចន្ទី (ប្តីចង់លក់ ប្រពន្ធមិនឲ្យលក់ថា ទុកឲ្យបានថ្លៃសិន) ហើយគេក៏សម្លាប់តែម្ដង ៕ ជីវន្ត័