ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរើសបានអាវុធAk ស្វាយបត់មួយដើម ហើយយកមកដោះលេងនៅក្រោមផ្ទះ ស្រាប់តែរាលកៃផ្ទុះគ្រាប់ ទៅត្រូវចំឪពុកដែលកំពុងតែដេកនៅលើផ្ទះរងរបួសជាទម្ងន់ សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម ។
ការឃាត់ខ្លួនយុវជននោះ នៅវេលាម៉ោង ២២,០០ នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។
ប្រភពពសមត្ថកិច្ចបានឲ្យដឹងថា ការរាលកៃកាំភ្លើងនោះបណ្ដាលឲ្យជនរងគ្រោះ ឈ្មោះញ៉ អង្គួត ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិទំពួន មុខរបរ ជាប្រធានភូមិ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ រងរបួសយ៉ាងធ្ងន់ធ្ងរ ចំភ្លៅខាងស្ដាំ ។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អង្គួត និច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាកូនជនរងគ្រោះ ។
ប្រភពបន្តថា ខណៈដែលជនរងគ្រោះកំពុងតែដេកលើគ្រែ នៅលើផ្ទះ ស្រាប់តែឈ្មោះ អង្គួត និច ត្រូវជាកូនបង្កើត បន្ទាប់ពីរើសបានកាំភ្លើងមួយដើមម៉ាក AK ស្វាយត គ្មានលេខនោះមក ក៏បានដោះមើលនៅខាងក្រោមផ្ទះ ស្រាប់តែរាលកៃផ្ទុះត្រូវចំឪពុកដែលកំពុងដេកនៅលើផ្ទះនោះតែម្ដង ។
ភ្លាមៗបន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ច ក៏បានមកដល់រួចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមផងដែរ ។
កម្លាំងនគបានអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសេដា ក៏បានឃាត់ខ្លួន និងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ជីវន្ត័