រុស្ស៊ីបានបង្ហាញវត្តមាននៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា តាមរយៈការផ្តល់ជំនួយមនុស្សធម៌ និងចូលរួមធ្វើសមយុទ្ធជាមួយទាហានវេណេហ្ស៊ុយអេឡា នាពេលកន្លងមក ។ កម្មភាពរបស់រុស្ស៊ីបានធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ខ្លាចផែនការរបស់អាមេរិកត្រូវរុស្ស៊ីបំផ្លាញជាបន្តទៀត ។
នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៧ ខែមីនា បានប្រកាសថា រុស្ស៊ីត្រូវតែចាកចេញពីប្រទេសវេណេហ្ស៊ុយអេឡា ជាបន្ទាន់ ។ ជាមួយគ្នានេះ អាមេរិក នឹងប្រើគ្រប់វិធីសាស្ត្រដើម្បីឈានដល់គៅលដៅ ។
វិភាគពីស្ថានភាពនៅក្នុងប្រទេសតំបន់អាមេរិក ឡាទីន លោកត្រាំ បានលើកឡើងថា «រុស្ស៊ីត្រូវតែចាកចេញ»។ លោកត្រាំបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោន កំពុងត្រួតពិនិត្យ ទៅលើវិធីសាស្ត្រ ចាំបាច់ដើម្បីឈានដល់គោលដៅ ។
នៅក្នុងហេតុការណ៍ពាក់ព័ន្ធខាងលើ រដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មានគម្រោងចំណាយប្រាក់៥០០លានដុល្លារ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ លោកបន្តទៀតថា យុទ្ធសាស្ត្រប្រឆំាង «ឥទ្ធិពលគ្រោះថ្នាក់»របស់រុស្ស៊ី គឺជារឿងចាំបាច់បំផុត ជាអាទិភាពចម្បងរបស់អាមេរិក ។
សកម្មភាពខាងលើ កើតឡើងក្រោយពេលដែល រុស្ស៊ីបានបញ្ជូនយន្តហោះពីរគ្រឿង ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ដោយមានទាហានប្រមាណ១០០នាក់ផងដែរ។ អាមេរិក បានប្តេជ្ញាមិនឲ្យរុស្ស៊ីបំផ្លាញផែនការរបស់ខ្លួនដូចនៅក្នុងប្រទេសស៊ីរីនោះឡើយ។
ជាមួយគ្នានេះដែរ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ការពិត មិនមានវត្តមាន របស់រុស្ស៊ីនៅលើទឹកដីវេណេហ្ស៊ុយអេឡានោះឡើយ លើកលែងតែអ្នកជំនួញ ក្នុងវិស័យប្រេង ។ រុស្ស៊ីមិនបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វេណេហ្ស៊ុយអេឡានោះឡើយ ៕