នៅពេលនេះ គណបក្សគាំទ្រដោយយោធា បង្ហាញការជឿងជាក់ថា នឹងបង្កើតរដ្ឋាភិបាលចម្រុះបានដោយជោគជ័យ ។ ចំណែកគណបក្ស ភឿថៃវិញបានប្រមូលផ្តុំគណបក្ស បង្កើតសម្ព័ន្ធមិត្តចំនួន៧ ដែលមានអាសនៈជាច្រើននៅក្នុងសភា ។
កាលពីថ្ងៃទី២៧ ខែមីនា គណបក្ស Palang Pracharat បានអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការ បង្កើតរដ្ឋាភិបាលចម្រុះ ដោយផ្អែកលើសំឡេងឆ្នោត popular vote ។ លោក Uttama Savanayana មេដឹកនាំគណបក្ស Palang Pracharat បានបញ្ជាក់ថា គណបក្សរបស់លោកនឹងស្វះស្វែងបង្កើតរដ្ឋាភិបាល ចាប់ពីពេលនេះ រហូតដល់លទ្ធផលបោះឆ្នោតត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី៩ ខែឧសភា។ លោក Uttama បានលើកឡើងដូច្នេះថា៖ «យើងបានចាប់ផ្ដើមចរចា ជាមួយគណបក្សដទៃ ប៉ុន្តែ យើងនៅត្រូវការពេលវេលាបន្ថែម ហើយយើងនឹងព្យាយាមតាមដែលអាចធ្វើទៅបាន ជាមួយនឹងទំនុកចិត្តក្នុងការបង្កើត រដ្ឋាភិបាល»។
គណបក្សPalang Pracharath ទទួលបានសំឡេងឆ្នោត Popular vote ចំនួន ៧.៦លានសំឡេង រីឯគណបក្សភឿថៃបានតែ ៧.២លានសំឡេង។ លើសពីនេះទៅទៀត លោក ប្រាយុទ្ធ ត្រូវបានគេរំពឹងដែរថា នៅតែមានសង្ឃឹម ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី ស្របពេលយោធាមានសំឡេង២៥០ស្រាប់ នៅក្នុងព្រឹទ្ធសភាដែលនឹងចូលរួមជាមួយសភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។
ចំណែកគណបក្សភឿថៃវិញ បានសម្រេច បង្កើត «រណសិរ្សប្រជាធិបតេយ្យ» ដោយមានគណបក្សទាំងអស់៧ចូលរួមដើម្បីបង្កើតរដ្ឋាភិបាល។ «រណសិរ្សប្រជាធិបតេយ្យ» មានសំឡេងគ្រប់គ្រាន់ ទាំងនោះជាជោគជ័យមួយយ៉ាងធំធេងរបស់ពលរដ្ឋថៃ ដែលមានបំណង មិនចង់ឲ្យយោធាដឹកនាំប្រទេស។
ក្រោយការបង្កើត «រណសិរ្សប្រជាធិបតេយ្យ» អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងថា លោកមានការសប្បាយចិត្ត ក្រោយគណបក្សចំនួន៧បានរួមគ្នា បានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលចម្រុះ «រណសិរ្សប្រធាធិបតេយ្យ» មួយ។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ថា គាត់សប្បាយចិត្តជាមួយប្រជាជនថៃ ក្រោយពីគណបក្សចំនួន៧ បានយល់ព្រមបង្កើត រដ្ឋាភិបាលចម្រុះមួយ ដែលមានសំឡេងជាងពាក់កណ្តាល នៃអាសនៈសរុប៥០០ នៅក្នុងរដ្ឋសភា ។
សាររបស់លោកថាក់ស៊ីន បានលេចឡើង ក្រោយគណបក្សភឿថា បានចុះហត្ថលេខាព្រមពៀងបញ្ចូលគណបក្ស៦ផ្សេងទៀត ស្ថិតក្រោមឆត្រតែមួយ ដែលមានសមាជិកសភាសរុប២៥៥នាក់–គ្រប់គ្រាន់បង្កើតរដ្ឋាភិបាលមួយ បើទោះបីមិនគ្រប់គ្រាន់សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីយ៉ាងណាក៏ដោយ ។
កាសែតបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ថា ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទាល់តែមានការចូលរួមពីសមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយក្រុមយោធា២៥០នាក់នោះទៀត មានន័យថា មានសំឡេងយ៉ាងតិច ៣៧៦ សំឡេង ទើបរដ្ឋាភិបាលចម្រុះថ្មីនេះ មាននាយករដ្ឋមន្ត្រី អាចដំណើរការទៅរួច ៕