ព័ត៌មានទាន់ហេតុការណ៍៖

ចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយដកហូតវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដ៏​ធំ​មួយ​កន្លែង​ ដែល​ធ្វើ​សកម្មភាព​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​រឹបអូស​វត្ថុតាង​យ៉ាង​ច្រើន។

ការ​ចុះ​បង្ក្រាប​នេះ​ ធ្វើ​ឡើង​នកាលពីរសៀល​ ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ តាម​បទបញ្ជា​លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​រួម​សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ជំនាញ​កាំកុងត្រូល​ផង​ដែរ។

ប្រភពបាន​ឲ្យ​ដឹង​ថា ដោយមាន​បទបញ្ជា​ពី​លោក​អភិបាល​ខេត្ត​ឲ្យ​កម្លាំង​នគរបាល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​រួមមាន នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច ការិយាល័យ​កាំកុងត្រូល មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ព្រម​ជាមួយ​កិច្ចសហការ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក និង​ផលិត​ស្ករត្នោត​ខុស​លក្ខណៈ​បច្ចេកទេស​ខាងលើ។

កម្លាំង​គណៈកម្មការ​ចម្រុះ​ខាងលើ ដឹកនាំ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោក ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញា​រង អយ្យការ​អម​សាលាដំបូង​ខេត្ត​ខេត្តកំពង់ស្ពឺ​ផងដែរ។

នគរបាល​បានឲ្យដឹង​ទៀតថា ទីតាំង​ផលិត​ស្ករ​ខុស​លក្ខណៈ​បច្ចេកទេស និង​ក្លែងក្លាយ​នេះ គឺ​យក​ស្ករ​សលាយ​ជាមួយ​សារធាតុ​ផ្សេងៗ​ផលិត​ទៅជា​ស្ករត្នោត​រួច​នាំ​ចេញទៅ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​បន្លំ​ភ្នែក​អ្នកប្រើប្រាស់។

ប្រភព​បន្តថា ស្ករត្នោត​ក្លែងក្លាយ​បែបនេះ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ា​ង​ខ្លាំង​ដោយ​ប្រើ​សារធាតុ​គីមី​លាយ​បញ្ចូល​ដើម្បី​ផលិត​ទៅជា​ស្ករត្នោត​។ ទីតាំង​សិប្បកម្ម​ខាង​​លើ ត្រូវបាន​មន្ទីរជំនាញ​ខេត្ដ​កំពង់ស្ពឺ ធ្វើ​ការណែនាំ ​និង​ដកហូត​អាជ្ញាប័ណ្ណ​ជា​បណ្ដោះអាសន្ន​ បើ​មិន​កែប្រែ​រូបមន្ដ​នៃ​ការផលិត​ស្ករត្នោត​ខុស​បច្ចេកទេស និង​បន្លំ​​​ថា​ ប្រភេទ​ប្រភព​ដើម​នៃ​ទំនិញ​នោះទេ បទល្មើស​មានកំណត់​ក្នុង​ច្បាប់​តែម្តង។

ចំពោះ​ម្ចាស់​ទីតាំង​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែង​ក្លែង មាន​ម្ចាស់​ឈ្មោះ រាជ រ៉ា​ឌី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ និង​មាន​​​​ប្តី​ឈ្មោះ​ម៉ាច រស់នៅ​ជាន់​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​គុយ ឃុំ​សំបូរ ស្រុក​សំរោង​ទង។

វត្ថុតាង​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ រួមមាន​៖ ស្ករ​ស​១១០​បាវ ស្មើ ៥៥០០ kg, ស្ករ​ក្រហម​កែច្នៃ​រួច ៥១៣​បាវ ស្មើ ២៥៦៥០ kg, ស្ករត្នោត​សម្រេច ៦៦​បាវ ស្មើ ៦៦០០ kg, ស្ករត្នោត​ដាក់​ក្នុង​ធុង​កាត់​ចំនួន ១៥៤ ធុង​កាត់ ស្មើ ២០០២០ kg, សំបក​ធុង​កាត់​ទទេ​ចំនួន ៤២៤ ធុង​, សំបក​ធុង​ស្ពេត្រូ​ចំនួន ៣៥០ ធុង​, ស្ករត្នោត​ច្រក​ក្នុង​ធុង​ស្ពេ​ត្រូ​ចំនួន ១៦ ធុង ស្មើ ៧៥២ kg។

សូមរំលឹកថា កាលពី​ឆ្នាំ​២០០៥ នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម Nat Expo នាទី​ក្រុងប៉ារីស ស្ករត្នោត​កម្ពុជា​ទទួល​បាន​ពានរង្វាន់​មេដាយមាស​ជា​ផលិតផល​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប ជា​លើក​ទី​១​របស់ខ្លួន។

ក្រុមហ៊ុន ខន​ហ្វី​រេល បានធ្វើ​ការងារ​ជាមួយ​សមាគម​ស្ករត្នោត​កំពង់ស្ពឺ និង​គ្រួសារ​ផលិត​ស្ករត្នោត ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​ច្រើន​ប្រភេទ ដូចជា​ស្ករស​ត្នោត ស្រា​ត្នោត ទឹកខ្មេះ ទឹកត្នោត​…..​ជាដើម​។​

ក្រុមហ៊ុន ខន​ហ្វី​រេល បាន​ចាត់ទុកថា ការទទួលបាន​ពានរង្វាន់​ជា​លក្ខណៈ​អន្តរជាតិ​នេះ​នឹង​ជួយ​បង្កើន​តម្លៃ​ផលិតផល​ស្ករត្នោត របស់​កម្ពុជា​ព្រមទាំង​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិក​រ​។​

លោក អោម យ៉ុម​អាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្តកំពង់ស្ពឺ ធ្លាប់​ប្រាប់​ឲ្យដឹងថា ទី​តាំង​សិប្បកម្ម​ដែល​យក​វត្ថុធាតុដើម​ផ្សេងៗ​ឲ្យ​ក្លាយទៅជា​ស្ករត្នោត​នេះ លោក​ធ្លាប់​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ណែនាំ និង​ផ្អាក​មិន​ឲ្យ​បន្ត​ការផលិត​ទៀតឡើយ​។​

លោក​ប្រធាន​មន្ទីរ បាន​បន្តទៀតថា «​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ស្ករត្នោត​ពិត​របស់​ខ្មែរ​យើង​តែម្តង​»​។

លោក​បន្តទៀតថា «​កន្លែង​កែច្នៃ​ស្ករត្នោត​ក្លែងក្លាយ​នេះ គ្មាន​ច្បាប់​អនុញ្ញាត​មន្ទីរជំនាញ ឬ​អាជ្ញាធរ​ពាក់​ណា​ទាំងអស់ ហើយ​ម្ចាស់​សិប្បកម្ម​នៅតែ​បន្តសកម្មភាព​ល្មើសច្បាប់​ផ្ទុយ​ពី​ការនាំ​មន្ទីរ​ឧស្សាហកម្ម​នឹងមាន​វិធានការ​ផ្លូវច្បាប់​ជាមិនខាន​»​។​

លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ធ្លាប់បាន​ប្រាប់ថា «​ក្នុងនាម​លោក​ជា​សមាគម​អ្នក​ផលិត​ស្ករត្នោត​ធម្មជាតិ សូម​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ និង​កិត្តិនាម​ស្ករត្នោត​កម្ពុជា​»​។​

លោក​បាន​បន្តថា ការកែច្នៃ​ដោយ​វត្ថុធាតុដើម​ផ្សេងៗ​មក​ផលិត​ចេញ​ជា​ស្ករត្នោត​ក្លែងក្លាយ​បែបនេះ វា​ខុស​នឹង​ច្បាប់ ព្រោះ​ស្ករ​ទាំងនេះ​មិនបាន​ផលិត​ចេញពី​ទឹកត្នោត​សុទ្ធ ដែល​កសិករ​ប្រមូលបាន​ដើមត្នោត​ពិតប្រាកដ​នោះទេ​។ ដូច្នេះ ត្រូវតែដាក់ឈ្មោះ​ផ្សេង​ក្រៅពី​ស្ករត្នោត​ទៅ​ឧទាហរណ៍ «​ស្ករ​លាមក​ឆ្កែ​» ទើប​សម​ជាង ​។​

បច្ចុប្បន្ន​កម្លាំងចម្រុះ​ បាន​ចាប់យក​សំណាក​ចំនួន ៩​គំរូ ប្រគល់ជូន​ជំនាញ​កាំកុងត្រូល ដើម្បី​យកទៅ​ធ្វើតេស្ត ហើយ​ជំនាញ​បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឲ្យ​ផ្អាក​សកម្មភាព​ផលិត​ជា​បណ្តោះអាសន្ន រង់ចាំ​លទ្ធផល​តេស្ត និង​ការសម្រេច​ពី​ថ្នាក់លើ ៕ សេនាស័ក្តិ


ចែករំលែក៖