អង្គការអវកាសអាមេរិក ណាសា ប្រឈមនឹងបញ្ហាជាច្រើន ក្រោយពេលប្រធានាធិបតីអាមេរិកបញ្ជា ឲ្យបញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះចន្ទវិញ មុនគម្រោងដល់ទៅ៤ឆ្នាំ ។ ទាំងនោះ ជាបញ្ហាប្រឈមមុខយ៉ាងខ្លាំង របស់ អង្គកាអវកាសមួយនេះ ។
ការបញ្ជាយ៉ាងប្រញាប់ប្រញាល់នេះ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកបារម្ភ យ៉ាងខ្លាំង ពីការយឺតយ៉ាវ ដើរក្រោយប្រទេស ដែលជាដៃគូប្រជែងរបស់ខ្លួន នៅក្នុងបច្ចេកវិទ្យា អេឡិចត្រូនិក ក៏ដូចជាការស្រាវជ្រាវដែនអវកាស ឡើងទៅឋានព្រះចន្ទជាដើម ។ រដ្ឋាភិបាលអាមេរិក យល់ឃើញថា កំពុងតែចាញ់ប្រទេសផ្សេង មួយជំហានទៅហើយ ។
នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសន្យាថា នឹងបញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះចន្ទ ជាថ្មី នៅឆ្នាំ២០២៤ គឺមុនគម្រោងកំណត់៤ឆ្នាំ ។ ពេលដំបូង NASA គ្រោងបញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះច័ន្ទ នៅឆ្នាំ២០២៨ ។ ការបញ្ជាខាងលើ បានបង្កផលលំបាកយ៉ាងខ្លាំង ដល់អង្គកាណាហ្សា ។
សារព័ត៌មាន The Mirror របស់អង់គ្លេស បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាអវកាសជាតិ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបង្ហាញពីផែនការ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនមនុស្ស ឲ្យវិលត្រឡប់ទៅឋានព្រះចន្ទវិញ ត្រឹមឆ្នាំ២០២៤ ខាងមុខនេះ ។ លោកអនុប្រធានាធិបតីរូបនេះ បាននិយាយទៀតថា អស់រយៈពេលជិត៥០ឆ្នាំមកហើយ ចាប់តាំងពីមនុស្សបានទៅដល់ ឋានព្រះចន្ទចុងក្រោយ ប៉ុន្តែវា នឹងមិនយូរទៀតនោះទេ យើងនឹងធ្វើដំណើរទៅទីនោះសាជាថ្មី។
លោក Pence បានបន្តថា សហរដ្ឋអាមេរិក ដែលជាអ្នកដំបូងគេ បានធ្វើដំណើរទៅដល់ឋានព្រះច័ន្ទ នៅសតវត្សរ៍ទី២០ ដូចគ្នាដែរ អាមេរិកនឹងក្លាយជាប្រទេសដំបូង ដដែលដែលនឹងបញ្ជូន អវកាសយានិក ទៅឋានព្រះចន្ទនៅក្នុងសតវត្សរ៍ទី២១ ។ ទោះបីជាយ៉ាងណាក្តី កន្លងមក ទីភ្នាក់ងារ អវកាសធ្លាប់បានបង្ហាញថា ខ្លួនគ្រោងនឹងបញ្ជូនមនុស្ស ទៅឋានព្រះច័ន្ទម្តងទៀត ឲ្យបាននៅត្រឹមឆ្នាំ២០២២ តាមរយៈការបញ្ជូនយានអវកាស ដោយគ្មានមនុស្ស លក្ខខណ្ឌសាកល្បងក្នុងឆ្នាំ២០២០ ៕