ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត មួយគ្រឿង ម៉ាក ឡិចស៊ីស បុករះបងប្អូនប្រជាពលរដ្ឋបណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង ចំណែក៧នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជិត១២ ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតផ្លូវលេខ៣២៤ នៅខាងក្រោយអធិការនគរបាលខណ្ឌទួលគោក សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កមានឈ្មោះ ទឹម គឹមតិចអាយុ ៣៥ឆ្នាំ មុខរបរ ធ្វើសារធម៌ដូង ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ថា បញ្ញា (របួសធ្ងន់), ឈ្មោះ សំបូរ ដា (របួសធ្ងន់), ឈ្មោះ សំបូរ ទិត្យ (របួសធ្ងន់), ឈ្មោះ យាយ ហាន (របួសធ្ងន់) រីឯអ្នកស្លាប់ទាំង ២នាក់មានឈ្មោះ យាយ យ៉ុម ភេទស្រី ស្លាប់នៅកន្លែង និងម្នាក់ទៀតឈ្មោះ ស៊ុយ សឿន ភេទប្រុស ស្លាប់ពេលបញ្ជូនដល់ពេទ្យ ។ រីឯជនរងគ្រោះមួយចំនួនទៀតមិនទាន់ស្គាល់ឈ្មោះ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារៀបចំធ្វើពិធីសែនលោកតារួច ក៏មានកម្មវិធីផឹកស៉ីតិចតួចជារៀងរាល់ឆ្នាំពេលនោះ បងប្អូនប្រជាពលរដ្ឋបានឃើញជនបង្ក រួចក៏បាននាំគ្នាហៅមកហូបអីជុំគ្នាតែជនបង្កមិនបានមកហូបអីនោះទេ ដោយបានអង្គុយនៅមុខផ្ទះរបស់ខ្លួន។ មួយស្ទុះ ក្រោយមក ជនបង្កបានដើរចូលទៅក្នុងផ្ទះ លឺសំឡេងឈ្លោះប្រកែតគ្នា រួចជនបង្កក៏បានវាយកញ្ចក់ផ្ទះបែក ហើយក៏ថយរថយន្តចេញមកក្រៅ។
ភ្លាមៗនោះ ស្រាប់តែឃើញជនបង្ក បានបើករថយន្ត មួយគ្រឿង ម៉ាក ឡិចសុីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-2395 ទៅបុករះតែម្តង ដោយនៅខាងមុខនោះ គឺមានបងប្អូនប្រជាពលរដ្ឋដែលកំពុងអង្គុយហូបអីនៅទីនោះ បណ្តាលឲ្យមានមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងនោះមាន ២នាក់បានស្លាប់នៅនឹងកន្លែង។ ក្រោយពេលកើតហេតុ ជនបង្កបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ខ្លួនបាន យកមកអធិការខណ្ឌទួលគោក និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរផ្លូវគោក នៃស្នងការនរបាលរាជធានីភ្នំពេញ ដើម្បីចុះមកនាំយកជនបង្ក រួមទាំងរថយន្តទៅកាន់ការិយាល័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។
តាមសម្តីប្រជាពលរដ្ឋនៅក្បែរនោះបានប្រាប់ថា ជនបង្កខាងលើនេះគឺធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយសង្ស័យថា បែបទើបប្រើប្រាស់ហើយទេ បានជាបែកថ្នាំបើករថយន្តបុករះគេបែបនេះ ៕ ជ្រោយពេជ្រ