ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលម្នាក់យកព្រីភ្លើងទៅដោតម៉ូទ័របូមទឹកមិនប្រយ័ត្ន បណ្តាលឲ្យឆក់ស្លាប់ទាំងព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសល ហួសពេលទៅហើយ ខណៈដែលបុរសម្នាក់គេស្គាល់ថា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពោធិរាជ បានឡើងទៅយកព្រីភ្លើងទៅដោតម៉ូទ័របូមទឹក មិនប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់តែម្តង ។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃសុក្រ៩ រោចខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទីទៀបភ្លឺ នៅចំណុចក្នុងភូមិអូសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ហែម សារឹម អាយុ៥០ឆ្នាំ មុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ប្ដីគាត់បានភ្ញាក់ពីដំណេកដូចសព្វដង ខណៈឡើងទៅបូមទឹកដាក់ឲ្យពេញពាង ប៉ុន្តែពេលយកព្រីភ្លើងទៅដោតដាក់ម៉ូទ័របូមទឹក ចៃដន្យមិនប្រយ័ត្ន ស្រាប់តែត្រូវភ្លើងឆក់បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ និងស្រែកហៅអ្នកភូមិជួយធ្វើចលនាដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយ ។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖